(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានឱ្យដឹងថា នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) នឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសចិន បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ លោក ឈិន បានធ្វើដំណើរទៅដល់តំបន់ព្រំប្រទល់ចិន-មីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិរការរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារួចរាល់ហើយនោះ លោករដ្ឋមន្រ្តីការបរទេសចិន នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំរវាងក្រុមរដ្ឋមន្រ្តីការបរទេស របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ថែមទៀត។

លោក វ៉ាង យី ដែលជារដ្ឋមន្រ្តីការបរទេសចិន មុនលោក ឈិន ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីខែកក្កដា ឆ្នាំ២០២២ ហើយបានជួបជាមួយសមភាគីមីយ៉ាន់ម៉ារបស់លោក ប៉ុន្តែមិនបានជួបជាប្រមុខរដ្ឋាភិបាលយោធាឡើយ។ រីឯកាលពីខែធ្នូ ឆ្នាំដដែល ចិនបាន​តែងតាំង បេសកជនពិសេសប្រចាំមីយ៉ាន់ម៉ា ដែលបានជួបមេដឹកនាំរបបសឹកលោក មីន អោងឡាំង ចំនួន២លើក ហើយក៏បានជួបជាមួយ​មេដឹកនាំ នៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាត្រូវបានញាំញីដោយអំពើហិង្សានិងភាពវឹកវរ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់​លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចិនដែលជាសម្ព័ន្ធមិត្តនិងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា បានបដិសេធចូលរួមជាមួយអន្តរជាតិ ក្នុងការថ្កោលទោសរដ្ឋប្រហារយោធានោះ៕