(ជីស៉ីនូ)៖ ការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ បាននិយាយថា អាជ្ញាធរក្នុងប្រទេសម៉ុលដាវី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចាប់ឃុំខ្លួនមេដឹកនាំដ៏លេចធ្លោម្នាក់ នៃសកម្មភាពបាតុកម្មតវ៉ា ដែលទាមទារឲ្យមានការលាលែងពីតំណែង នៃមន្រ្តីរដ្ឋាភិបាល ដែលមានជំហរគាំទ្រអឺរ៉ុប នៅពេលព្យាយាមចាកចេញពីប្រទេស។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាង ម៉ារីណា ទូបឺ (Marina Tauber) បានដឹកនាំការតវ៉ាតាមដងផ្លូវប្រឆាំងនឹងប្រធានាធិបតី លោកស្រី ម៉ាយ៉ា សាន់ឌូ (Maia Sandu) ដែលកំពុងដឹកនាំនិងជំរុញឱ្យម៉ុលដាវីឆ្ពោះទៅក្លាយជាសមាជិកសហភាពអឺរ៉ុប ខណៈប្រទេសនេះត្រឹមជា អតីតរដ្ឋសូវៀតក្រីក្រមួយប៉ុណ្ណោះ ដែលស្ថិតនៅចន្លោះអ៊ុយក្រែន និងសមាជិកសហភាពអឺរ៉ុបគឺ រ៉ូម៉ានី។
អ្នកនាង ទូបឺ ប្រឈមមុខនឹងការចោទប្រកាន់ពីការក្លែងបន្លំលើការផ្តល់ហិរញ្ញប្បទានដល់គណបក្ស ហើយត្រូវបានចាប់ខ្លួន ខណៈព្យាយាមចាកចេញទៅប្រទេសអ៉ីស្រាអែល ដោយបំពានលើដីការបស់តុលាការ។ បើតាមការិយាល័យរដ្ឋអាជ្ញាម៉ុលដាវី អ្នកនាងត្រូវបានឃុំខ្លួនកាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា អ្នកនាង ទូបឺ គឺជាសមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សប្រឆាំងធំជាងគេទី ២ របស់ប្រទេសម៉ុលដាវី ដឹកនាំដោយ លោក អ៉ីឡាន សរ (Ilan Sor) ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសក្នុងប្រទេសអ៉ីស្រាអែល ហើយត្រូវបានកាត់ទោសកាលពីខែមេសា ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ៕