(យូអិន)៖ គណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានយល់ព្រមអនុញ្ញាតឱ្យ រដ្ឋមន្រ្តីការបរទេសនៃរដ្ឋបាលតាលីបង់ គឺលោក អាមៀរ ខាន់ មូតតាគី (Amir Khan Muttaqi) អាចធ្វើដំណើរចេញពីអាហ្វហ្កានីស្ថាន ទៅកាន់ប៉ាគីស្ថានបាននាសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំជាមួយ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាននិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។
ជាយូរមកហើយ លោក មូតតាគី បានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខ UN ដោយក្នុងនោះរួមមានទាំងបម្រាមលើការធ្វើដំណើរផងដែរ។ យោងតាមលិខិតមួយផ្ញើទៅកាន់ គណៈកម្មាធិការទទួលបន្ទុកទណ្ឌកម្មតាលីបង់ បេសកកម្មរបស់ប៉ាគីស្ថានប្រចាំ UN បានស្នើសុំការលើកលែងសម្រាប់ឱ្យលោក មូតតាគី អាចធ្វើដំណើរនៅចន្លោះថ្ងៃទី៦-៩ ខែឧសភា ដើម្បីទៅចូលរួមកិច្ចប្រជុំជាមួយ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាននិងចិន។
មិនមានការបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីទាំង៣នឹងពិភាក្សាគ្នាអំពីប្រធានបទអ្វីឡើយ។ យ៉ាងណាក្តី កន្លងមកក្រុមមន្រ្តីចិននិងប៉ាគីស្ថានធ្លាប់បាននិយាយថា ពួកគេនឹងស្វាគមន៍អាហ្វហ្កានីស្ថាន ដែលស្ថិតក្រោមការដឹកនាំរបស់តាលីបង់ ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
ប្រទេសអាហ្វហ្កានីស្ថាន ស្ថិតនៅច្រកផ្លូវពាណិជ្ជកម្ម និងច្រកផ្លូវឆ្លងកាត់នៃទីតាំងភូមិសាស្រ្តដ៏សំខាន់មួយ រវាងតំបន់អាស៉ីកណ្តាលនិងតំបន់អាស៉ីខាងត្បូង ហើយមានធនធានរ៉ែតម្លៃរាប់ពាន់លានដុល្លារ ដែលមិនទាន់ត្រូវបានប្រើប្រាស់។ ក្រុមតាលីបង់បានឡើងកាន់កាប់អំណាចនៅក្នុងប្រទេសនេះ កាលពីខែសីហា ឆ្នាំ២០២១ ស្របពេលដែលកងកម្លាំងយោធាចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដកខ្លួនចេញក្រោយសង្រ្គាមរយៈពេល២០ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN បានអនុញ្ញាតឱ្យលោក មូតតាគី ធ្វើដំណើរទៅកាន់អ៊ូសបេគីស្ថាន កាលពីខែមេសា ដើម្បីចូលរួមកិច្ចប្រជុំមួយរវាង ក្រុមរដ្ឋមន្រ្តីនៃប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន ដើម្បីជជែកអំពីបញ្ហាបន្ទាន់ៗពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខ ក៏ដូចជាស្ថិរភាព៕