(ស៉ីដនី)៖ នៅថ្ងៃអង្គារនេះ អូស្រ្តាលីបាននិយាយថា ខ្លួននឹងផ្តល់ថវិកាលើកទឹកចិត្ត៥០,០០០ដុល្លារអូស្រ្តាលី (៣៣,១៦៥ដុល្លារអាមេរិក) ដល់កងទ័ព ដើម្បីជំរុញឱ្យពួកគេនៅបន្តបម្រើក្នុងជួរយោធាឱ្យបានយូរជាងមុន បន្ទាប់ពីរបាយការណ៍វាយតម្លៃបានរកឃើញថា គោលជំហរយោធា​របស់អូស្រ្តាលីគឺហាក់មិនរឹងមាំគ្រប់គ្រាន់ឡើយ នៅចំពោះមុខការកើនឡើងនៃភាពប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអាមេរិកនិងចិនក្នុង​តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី២ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា ចំនួនកងទ័ពអូស្រ្តាលីបច្ចុប្បន្នគឺ៣,៤០០នាក់ តិចជាងចំនួនតួនាទីកងទ័ព ដែលរដ្ឋាភិបាលអាចផ្តល់មូលនិធិទ្រទ្រង់ ហើយទន្ទឹមគ្នាការរក្សាឱ្យពួកគេនៅបន្តបម្រើក្នុងជួរយោធា ក៏កំពុង​ជាបញ្ហាមួយផងដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីកង់បេរ៉ា លោក ម៉ាល បាននិយាយដូច្នេះថា «យើងកំពុងតែប្រឈមបញ្ហា ក្នុងការធានាថា ពួកយើងកំពុងកែនសមាជិកកងកម្លាំងការពារជាតិ បានក្នុងចំនួនដែលយើងត្រូវការ»។ បើតាមលោក ម៉ាល ថវិកាខាងលើ នឹងត្រូវផ្តល់ឱ្យទាហានទាំងឡាយណា ដែលនៅបន្តស្ថិតក្នុងជួរយោធាលើសពី៣ឆ្នាំ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលអូស្រ្តាលីបានគាំទ្រអនុសាសន៍ នៃរបាយការណ៍វាយតម្លៃយុទ្ធសាស្រ្តលើវិស័យការពារជាតិ ដែលបាននិយាយថា អូស្រ្តាលីចាំបាច់ត្រូវផ្តោតអាទិភាពទៅលើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ និងការផលិតមីស៉ីលក្នុងស្រុក។ លោក ម៉ាល់ បាននិយាយថា របាយការណ៍នោះ បានបង្ហាញយ៉ាងច្បាស់ថា គោលជំហរការពារជាតិរបស់អូស្រ្តាលី គឺមិនសមស្របទេ នៅចំពោះមុខភាពស្មុគស្មាញនៃស្ថានភាពយុទ្ធសាស្រ្ត ដែលអូស្រ្តាលីកំពុងប្រឈមសព្វថ្ងៃនេះ។

របាយការណ៍វាយតម្លៃដដែលបានបន្តថា សហរដ្ឋអាមេរិកលែងជាមេដឹកនាំផ្តាច់មុខតែឯង នៅឥណ្ឌូ-ប៉ាស៉ីហ្វិកទៀតហើយ ហើយការប្រកួតប្រជែងគ្នាយ៉ាងតានតឹង រវាងអាមេរិកនិងចិនកំពុងតែជះឥទ្ធិពលមកលើតំបន់នេះ ខណៈការប្រជែងគ្នានោះ ក៏មានសក្តានុពលសម្រាប់ការផ្ទុះឡើងនៃជម្លោះផងដែរ៕