(យូអិន)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា មនុស្សជាង ៨០០,០០០នាក់ អាចនឹងភៀសខ្លួនចេញពីប្រទេសស៊ូដង់ដោយសារតែជម្លោះដែលកំពុងបន្ត បូករួមទាំងជនជាតិស៊ូដង់ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលកំពុងរស់នៅបណ្តោះអាសន្ននៅក្នុងប្រទេសថែមទៀត។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២៣។

លោក រ៉ាអៅ ម៉ាហ្សូ (Raouf Mazou) ជំនួយការជាន់ខ្ពស់នៃឧត្តស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ UNHCR បានប្រាប់សន្និសីទនៅទីក្រុងហ្សឺណែវប្រទេសស្វីស យ៉ាងដូច្នេះថា «ក្រោយការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ យើងរកឃើញតួលេខនៃមនុស្សប្រហែល ៨១៥,០០០នាក់ ដែលអាចភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាងស៊ូដង់ ទាំង៧។ មនុស្សចំនួន ៧៣,០០០នាក់ បានភៀសខ្លួនចេញពីស៊ូដង់រួចហើយ»។ លោក ម៉ាហ្សូ បានប៉ាន់ស្មានថា រាប់បញ្ចូលទាំងជនជាតិស៊ូដង់ប្រមាណ ៥៨០,០០០នាក់ ដែលក្នុងនោះជាអ្នកជនភៀសខ្លួនដែលបានតាំងទីលំនៅក្នុងប្រទេសស៊ូដង់ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់រងរបួស នៅក្នុងជម្លោះបង្ហូរឈាមដើម្បីដណ្តើមអំណាចរវាងមេទ័ពរបស់ប្រទេសស៊ូដង់ លោក អាប់ដែល ហ្វាតតា អាល់បួរហាន់ (Abdel Fattah al-Burhan) និងលោក មហាំម៉ាត់ ហាំដាន់ ដាហ្កាឡូ (Mohamed Hamdan Daglo) ដែលជាមេដឹកនាំកងកម្លាំងទាហានប៉ារ៉ា (RSF)។

បច្ចុប្បន្នប្រជាជនស៊ូដង់រាប់លាននាក់ ដែលមិនអាចមានលទ្ធភាពទិញទំនិញតាមតម្រូវការស្រាប់ ព្យាយាមគេចពីសមរភូមិដោយមិនហ៊ានចេញក្រៅផ្ទះរបស់ពួកគេ ហើយបន្ថយការបរិភោគអាហារ និងទឹក ខណៈប្រឈមការដាច់ចរន្តអគ្គិសនីជាញឹកញាប់៕