(វ៉ាស៉ីតោន)៖ បេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសប្រេស៉ីលកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងក្តីរំពឹងថានឹងស្តារឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំជាមួយប្រធានាធិបតី លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) ដែលធ្លាប់ស្តីបន្ទោសលើសកម្មភាពខ្លះរបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី លីនដា ថមម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ គ្រោងជួបមន្ត្រីជាន់ខ្ពស់ប្រេស៉ីលនៅទីក្រុងប្រាស៉ីលីយ៉ា (Brasilia) នៅថ្ងៃអង្គារនេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការទូលំទូលាយ ជាមួយប្រទេសដែលមានប្រជាជនច្រើនជាងពាក់កណ្តាលនៃប៉ូលខាងលិចមួយនេះ ជាជាងផ្តោតលើការអត្ថាធិប្បាយរបស់ លោក លូឡា នាពេលកន្លងមក។ បើតាមក្រុមមន្រ្តីអាមេរិក លោកស្រី គ្រីនហ្វៀល អាចនឹងបង្ហាញពីការចូលរួមជាមួយប្រេស៉ីល ជុំវិញបញ្ហាអ៊ុយក្រែនកំលុងពេលស្ថិតនៅទីនោះ។

បន្ទាប់មក នៅថ្ងៃពុធ លោកស្រី គ្រីនហ្វៀល ត្រូវធ្វើដំណើរទៅកាន់ទីក្រុងសាលវ៉ាដ័រ (Salvador) ដែលជាបេះដូងនៃសហគមន៍ជនជាតិភាគតិចអាហ្វ្រូប្រេស៉ីល (Afro-Brazilian) ដើម្បីរំលេចពីកិច្ចការកសាងសមភាពជាតិសាសន៍នៃប្រទេសដែលមានប្រជាជនចម្រុះជាតិសាសន៍ទាំងពីរនេះ។

គួរបញ្ជាក់ថា លោក លូឡា បានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅឯសេតវិមានកាលពីខែកុម្ភៈ ប៉ុន្តែបន្ទាប់មក ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោក លូឡា បាននិយាយថា សហរដ្ឋអាមេរិកដែលបានបញ្ជូនអាវុធ គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារទៅអ៊ុយក្រែន គឺជា «ការលើកទឹកចិត្តឲ្យមានសង្គ្រាម»។ ក្រោយមក លោក លូ បានប្រកាសថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែសេតវិមានបានចោទប្រកាន់រូបលោកពី «ការឃោសនាឲ្យរុស្ស៊ី និងចិន»

សហរដ្ឋអាមេរិក ក៏កំពុងស្នើសុំឲ្យប្រេស៊ីលធ្វើបត្យាប័នចារកម្មរុស្ស៉ីមួយរូម គឺលោក សឺហ្គៃ ឆឺកាសូវ (Sergey Cherkasov) ដែលត្រូវបានចោទប្រកាន់ថាបានក្លែងខ្លួនជានិស្សិតប្រេស៉ីលនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រមូលព័ត៌មានអំពីអ៊ុយក្រែន៕