(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃអង្គារនេះថា ផែនការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ និងភាពជាដៃគូថ្មីស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជា «ការធ្វើឲ្យប្រសើរឡើង» នូវសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។
លោក យូន បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះថា «សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានទទួលការធ្វើឲ្យប្រសើរឡើង តាមរយៈគោលនយោបាយនុយក្លេអ៊ែរដែលបានគ្រោងទុក រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ ផ្នែកឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោក យូន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមបង្កើនផែនការនុយក្លេអ៊ែរទាក់ទងនឹងកូរ៉េខាងជើង ខណៈដែលការព្រួយបារម្ភកាន់តែកើនឡើងនៅទីក្រុងសេអ៊ូល ចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង និងឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក។ កិច្ចប្រជុំកំពូលនេះ ក៏សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខតាមអ៊ីនធឺណិត ការផលិតយានយន្តអគ្គិសនី និងអាគុយ បច្ចេកវិទ្យាមេកានិច ការផ្តល់ជំនួយដល់បរទេស និងការវិនិយោគផ្នែកសេដ្ឋកិច្ច ផងដែរ៕