(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបិទបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលតម្រូវលើអ្នកដំណើរអន្តរជាតិ និងបុគ្គលិកសហព័ន្ធ នៅថ្ងៃទី១១ ខែឧសភា ចំថ្ងៃដែល «ភាពអាសន្នសុខាភិបាលសាធារណៈកូវីដ១៩» ត្រូវបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។

កាលពីខែកុម្ភៈកន្លងទៅ សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតអនុម័តលើការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរអន្តរជាតិ បន្ទាប់ពីរដ្ឋបាលលោក បៃដិន កាលពីខែមិថុនា ឆ្នាំ២០២២ បានទម្លាក់ចោលនូវការតម្រូវឱ្យអ្នកដំណើរដែលមកកាន់សហរដ្ឋអាមេរិក តាមផ្លូវអាកាស ត្រូវតែមានលិខិតបញ្ជាក់ការធ្វើតេស្ដ អវិជ្ជមានកូវីដ១៩។ ប៉ុន្តែនៅតែរក្សាទុកកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរបរទេសដដែល។ តាមរយៈការសម្រេចចិត្តខាងលើ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចាប់ពីថ្ងៃទី១២ ខែឧសភាតទៅ នឹងមិនមានទៀតឡើយការតម្រូវឱ្យអ្នកដំណើរមិនមែនជាពលរដ្ឋអាមេរិក ត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ១៩។

គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បានប្រកាសដាក់ចេញកាតព្វកិច្ចចាក់វ៉ាក់សាំង កាលពីខែកញ្ញា ឆ្នាំ២០២១ ជាមួយការអនុវត្តយ៉ាងតឹងរ៉ឹង ដោយបុគ្គលិកសហព័ន្ធ ដែលបដិសេធចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីការងារ ឬការទទួលរងការពិន័យផ្សេងៗ៕