(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភានេះ ដើម្បីពិភាក្សា ការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Kyodo នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីស៉ីដាផ្ទាល់ ដែលបានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសហ្កាណា ទីដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវការថាលោកកំពុងបញ្ចប់ផែនការបំពេញទស្សនកិច្ច ទៅជួបលោក យូន ហើយដែលជំនួបនេះគឺជាឱកាសមួយសម្រាប់ការ ផ្ដោះប្ដូរយ៉ាងស្មោះត្រង់លើការជំរុញទំនាក់ទំនងរវាងប្រទេសទាំង២។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីស៉ីដា នៅកូរ៉េខាងត្បូង ធ្វើឡើងនៅមុនពេលជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅក្នុង ខែឧសភានេះ និងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២ បានជួបគ្នាក្នុងទីក្រុងតូក្យូ កាលពីខែមីនា។ ភាគីទាំង២ បានឯកភាពគ្នាផងដែរលើការផ្សះផ្សារជម្លោះទាក់ទងនឹង ប្រវត្តិសាស្ត្រកាលពីអំឡុងពេលសង្រ្គាម នៅកំលុងដំណើរទស្សនកិច្ចរបស់លោក យូន ដែលជាទស្សនកិច្ចជាលើកដំបូងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ ប្រទេសជប៉ុន ក្នុងពេលជាង១២ឆ្នាំមកនេះ៕