(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បានសរសេរនៅលើបណ្តាញសង្គមថា ដោយសារតែឥឡូវចៅទី៧ ដែលជាចៅពៅគេរបស់លោកបានកើតហើយនោះ រូបលោកនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ ព្រោះស្ថិតក្នុងវ័យ៧៣ឆ្នាំ លោកចង់ចំណាយពេលមើលថែទាំចៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
កាលពីវេលាព្រឹកថ្ងៃចន្ទនេះ លោក ថាក់ស៉ីន បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ថា រូបលោកអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាមួយដំណឹងកូនស្រីរបស់លោក គឺអ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) ទើបតែបានសម្រាលកូន ដែលត្រូវជាចៅទី៧របស់លោក និងមានឈ្មោះហៅក្រៅថា ថាស៉ីន។ លោកបានសរសេរដូច្នេះថា «ខ្ញុំចង់សុំការអនុញ្ញាតត្រឡប់មកវិញ ដើម្បីមើលថែទាំចៅៗ ដោយសារតែខ្ញុំនឹងឈានដល់អាយុ៧៤ឆ្នាំហើយ នៅខែកក្កដា ឆ្នាំនេះ។ ជួបគ្នាក្នុងពេលឆាប់ៗ»។ បើតាមលោក ថាក់ស៉ីន ចៅទាំង៧របស់លោក គឺសុទ្ធតែបានកើតក្រោយពេលលោកត្រូវភៀសខ្លួនចេញពីប្រទេស។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០០៨ តុលាការកំពូលថៃបានផ្តន្ទាទោសឱ្យលោក ថាក់ស៉ីន ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទរំលោភអំណាច កំលុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក ថាក់ស៉ីន បានរត់ភៀសខ្លួនចេញពីប្រទេស នៅក្នុងឆ្នាំដដែលនោះ មុនតុលាការប្រកាសសាលក្រមកាត់ទោសរូបលោក។ អ្នកនាង ផែថោងថាន គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ នៃគណបក្ស ភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ ហើយការសម្រាលកូនរបស់អ្នកនាង កើតមានឡើង ស្របពេលដែល២សប្តាហ៍ទៀតតែប៉ុណ្ណោះ ការបោះឆ្នោតសកល នឹងត្រូវរៀបចំឡើង៕