(កៀវ)៖ អ៊ុយក្រែនបានឱ្យដឹងថា កងកម្លាំងការពារអាកាសរបស់ខ្លួន បានបាញ់កម្ទេចមីស៉ីល១៥គ្រាប់ ក្នុងចំណោម១៨គ្រាប់ ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៉ី ខណៈទីក្រុងមូស្គូហាក់បានចាប់ផ្តើម ការបង្កើនវាយប្រហារតាមផ្លូវអាកាសឡើងវិញ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសរសេរនៅលើឆាណែលតេឡេក្រាមរបស់លោក យ៉ាងដូច្នេះថា «កាលពីខ្ទង់ម៉ោង ២៖៣០នាទីយប់រំលងអធ្រាត្រថ្ងៃចន្ទនេះ កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមកលើអ៊ុយក្រែន ចេញពីក្រុមយន្តហោះយោធាយុទ្ធសាស្រ្ត​របស់ពួកគេ»។ អាជ្ញាធរនៅទីក្រុងកៀវបាននិយាយថា ពុំមានការស្លាប់ជនស៉ីវិល ឬក៏ការបំផ្លិចបំផ្លាញអគារស្នាក់នៅ ឬហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាយការណ៍នោះទេ ខណៈមីស៉ីលនានា ដែលបាញ់មករករដ្ឋធានីរបស់អ៊ុយក្រែន ត្រូវកម្ទេចបានទាំងអស់។ ប្រព័ន្ធការពារអាកាស​ក៏បានឆ្លើយតបដើម្បីការពារតំបន់កៀវផងដែរ ដែលជាតំបន់រដ្ឋបាលធំ ដាច់ដោយឡែកពីទីក្រុងកៀវ។

យ៉ាងណាក្តី នៅតំបន់ខឺសុន (Kherson) ភាគខាងត្បូង មនុស្សយ៉ាងហោចម្នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ី។ ក្រៅពីនេះ មីស៉ីលរុស្ស៉ីក៏ត្រូវបានបាញ់លើទីក្រុងឌីនីប្រូ (Dnipro) ដែលស្ថិតនៅភាគកណ្តាល ខណៈកងកម្លាំងការពារអាកាសអ៊ុយក្រែនបាញ់ទម្លាក់​បាន៧គ្រាប់ ប៉ុន្តែមនុស្ស២៥នាក់បានរងរបួស។ រីឯទីក្រុងផាវឡូរ៉ាដ (Pavlohrad) នៅភាគខាងកើត គឺបានរងការវាយប្រហារ២លើកផ្ទួនៗ ដោយអគារអាផាតមិន និងអគារឯកជនមួយចំនួន បានរងការខូចខាតនិងបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោ២៥នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងការបាញ់ស្រោចមីស៉ីលរបស់រុស្ស៉ីកាលពីប៉ុន្មានថ្ងៃមុន ទៅលើទីក្រុង​ជាច្រើនរបស់អ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ។ រុស្ស៉ីបានបើកការវាយប្រហារទាំងនេះ ស្របពេលដែលទីក្រុងកៀវ កំពុងត្រៀមចាប់ផ្តើម​ប្រតិបត្តិការវាយបករបស់ខ្លួន ដើម្បីវាយរំដោះទឹកដីបន្ថែមទៀត នៅភាគខាងត្បូងនិងខាងកើតប្រទេស ដែលបានធ្លាក់ក្រោមកណ្តាប់ដៃរុស្ស៉ី ក្រោយការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២៕