(តាស្កិន)៖ លទ្ធផលបឋមនៅថ្ងៃចន្ទនេះ បានបង្ហាញថា អ៊ូសបេគីស្ថានបានអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្រោយការបោះឆ្នោតប្រជាមតិមួយកាលពីថ្ងៃអាទិត្យ ដែលវានឹងអនុញ្ញាតឱ្យប្រធានាធិបតីនៃប្រទេសអាស៉ីកណ្តាលមួយនេះ គឺលោក សាវកាត់ មៀហ្ស៉ីយ៉ូយេវ (Shavkat Mirziyoyev) អាចបន្តឈរឈ្មោះកាន់អំណាច បាន២អាណត្តិបន្ថែមទៀត ដែលមួយអាណត្តិមានរយៈពេល៧ឆ្នាំ នៅពេលអាណត្តិបច្ចុប្បន្នរបស់លោក បញ្ចប់នៅឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
យោងតាមលទ្ធផលជាបឋម ដែលត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតអ៊ូសបេគីស្ថាន ការធ្វើកំណែទម្រង់ខាងលើ ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រ ក្នុងសំឡេងយ៉ាងលើសលប់គឺ៩០.២១ភាគរយ។ ក្នុងនោះអាណត្តិរបស់លោក មៀហ្ស៉ីយ៉ូយេវ ត្រូវរាប់ចាប់ពីសាដើមឡើងវិញ ប៉ុន្តែអាចកាន់បានត្រឹម២អាណត្តិជាប់គ្នា ដូចកាលពីមុនដដែល ហើយរយៈពេលក្នុងមួយអាណត្តិ ត្រូវបានបង្កើន ពី៥ឆ្នាំ ទៅដល់៧ឆ្នាំ។ ទន្ទឹមគ្នានេះ នៅក្រោមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋអ៊ូសបេគីស្ថាន ក៏ត្រូវបានសន្យាថា នឹងទទួលបានការគាំពារផ្នែកសង្គមនិងផ្លូវច្បាប់ល្អប្រសើរជាងមុនផងដែរ។
គួរបញ្ជាក់ថា លោក មៀហ្ស៉ីយ៉ូយេវ ដែលបច្ចុប្បន្នមានវ័យ៦៥ឆ្នាំ បានបើកចំហសេដ្ឋកិច្ចរបស់អតីតសាធារណរដ្ឋសូវៀតមួយនេះ ហើយក៏បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយលោកខាងលិចគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានកាត់បន្ថយអំណាចរបស់ស្ថាប័នសន្តិសុខទៀតផង ដែលឥទ្ធិពលគ្របដណ្តប់រាប់ទសវត្សរ៍ នាពេលកន្លងមក បានប្រែក្លាយប្រទេសដែលមានប្រជាជន៣៥លាននាក់មួយនេះ ឱ្យទៅជារដ្ឋប៉ូលិសមួយ។
ស្របពេលដែលបណ្តាដៃគូលោកខាងលិច របស់ទីក្រុងតាស្កិនទំនងជានឹងមិនយល់ស្រប ចំពោះការពន្យាររយៈពេលកាន់អំណាចរបស់ប្រធានាធិបតីក៏ដោយ អ៊ូសបេគីស្ថានហាក់មិនស្ថិតក្នុងហានិភ័យធំនោះទេ ដ្បិតសព្វថ្ងៃនេះក្រុមលោកខាងលិច កំពុងតែព្យាយាមស្វែងរកការគាំទ្រពីបណ្តាប្រទេសជាអតីតរដ្ឋសូវៀត នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើឱ្យរុស្ស៉ីនៅឯកោ ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕