(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយថា ចិនបានយល់ព្រម​បើកកិច្ចពិភាក្សាអំពី សិទ្ធិនេសាទនៅសមុទ្រចិនខាងត្បូង ខណៈដែលរូបលោកបានព្យាយាមជំរុញ ឱ្យបង្កើតខ្សែបណ្តាញសម្រាប់ទាក់ទងគ្នាដោយផ្ទាល់ជាមួយទីក្រុងប៉េកាំង ស្តីពីភាពមិនចុះសម្រុងនៅតាមដែនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

លោក ម៉ាកូស បានអះអាងថា ចិនបានឯកភាពចំពោះការអង្គុយជជែកគ្នា អំពីសិទ្ធិនៃការធ្វើនេសាទរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ហើយលោកបានប្រាប់ឱ្យកងឆ្មាំសមុទ្រ និងក្រសួងការបរទេសហ្វីលីពីន រៀបចំបង្កើតផែនទីមួយនៃទីតាំងនេសាទទាំងនោះ ដែលនឹងត្រូវ​បានបង្ហាញទៅកាន់ទីក្រុងប៉េកាំង។ ក្នុងការអត្ថាធិប្បាយប្រាប់ក្រុមអ្នកសារព័ត៌មាន លើយន្តហោះតាមផ្លូវឆ្ពោះទៅទីក្រុងវ៉ាស៉ីនតោន លោកប្រធានាធិបតីហ្វីលីពីន ក៏បាននិយាយដែរថា ខ្សែបណ្តាញទាក់ទងគ្នាផ្ទាល់មួយរវាងហ្វីលីពីននិងចិន ចាំបាច់ត្រូវបង្កើតឡើង នៅ​ពេលត្រូវបានសាកសួរថា តើរូបលោកយល់ឃើញយ៉ាងណា ជុំវិញហេតុការណ៍ប្រឈមមុខគ្នានៅសមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ​រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កាលពីជាងមួយសប្តាហ៍មុន នាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន បានប៊ិះនឹងប៉ះទង្គិចគ្នានៅក្បែរទីប្រជុំកោះ មានបញ្ហាវិវាទក្នុង​​តំបន់សមុទ្រចិនខាងត្បូង។ ពាក់ព័ន្ធនឹងហេតុការណ៍នោះ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ានីល បានចេញមុខរិះគន់និង​ព្រមានចិន ខណៈទីក្រុងប៉េកាំងបាននិយាយថា ខ្លួនស្ម័គ្រចិត្តដោះស្រាយបញ្ហាជម្លោះដែនសមុទ្រ ជាមួយបណ្តាប្រទេសពាក់ព័ន្ធ តាមរយៈ​ការពិគ្រោះយោបល់គ្នាដោយសន្តិវិធី ប៉ុន្តែបានព្រមានទៅកាន់ទីក្រុងវ៉ាស៉ីនតោន កុំឱ្យចូលជ្រៀតជ្រែក។ លោក ម៉ាកូស នឹងត្រូវបើក​កិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមាន នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក៕