(ខាទុំ)៖ ភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើបទឈប់បាញ់ ខណៈជម្លោះដ៏បង្ហូរឈាម របស់ពួកគេបានបន្តអូសបន្លាយដល់សប្តាហ៍ទី៣ ហើយមិនទាន់មានសញ្ញាណាមួយអំពីការថយចុះភាពតានតឹងនៅឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
ភាគីទាំងពីរបាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាផ្លូវការដែលនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នឹងត្រូវបន្តរយៈពេល ៧២ម៉ោងបន្ថែមទៀត ដោយខាង កងកម្លាំងទាហានប៉ារ៉ា (RSF) បាននិយាយថា «ជាការឆ្លើយតបទៅនឹងការអំពាវនាវពីអន្តរជាតិ តំបន់ និងក្នុងស្រុក»។ ចំណែកឯខាងកងទ័ពស៊ូដង់ និយាយថា ខ្លួនសង្ឃឹមថា «ក្រុមឧទ្ទាម» នឹងគោរពតាមកិច្ចព្រមព្រៀងនេះ ប៉ុន្តែគេជឿថា ពួកគេនៅតែមានបំណងបន្តការវាយប្រហារ។ បើតាមអ្នកយកព័ត៌មានម្នាក់របស់ Reuters ស្ថានការណ៍នៅទីក្រុងខាទុំ (Khartoum) ត្រង់តំបន់ទីប្រជុំជនគឺមានភាពស្ងប់ស្ងាត់កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃសៅរ៍នៅជិតកណ្តាលទីក្រុង។
គួរបញ្ជាក់ថា មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ចាប់តាំងពីការប្រយុទ្ធគ្នាដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានផ្ទុះឡើងក្នុងជម្លោះកាលពីថ្ងៃទី១៥ ខែមេសា។ ភាគីនានាបានបន្តប្រយុទ្ធគ្នាក្រោមបទឈប់បាញ់ ដែលធានាដោយអ្នកសម្រុះសម្រួលរួមទាំងសហរដ្ឋអាមេរិកផងដែរ៕