(កៀវ)៖ អ្នកនាំពាក្យយោធាអ៊ុយក្រែនមា្នក់ បាននិយាយថាការវាយប្រហារលើឃ្លាំងស្ដុកប្រេងរបស់រុស្ស៉ី នៅក្នុងតំបន់គ្រីមៀ ដែលបណ្ដាលឱ្យមានអគ្គិភ័យ និងផ្សែងយ៉ាងខ្មួលខ្មាញ់ ពាសពេញផ្ទៃអាកាស គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
លោកស្រី ណាតាលីយ៉ា ហ៊ូមឺញៀក (Natalia Humeniuk) ជាអ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងត្បូងនៃយោធាអ៊ុយក្រែន ធ្វើការកត់សម្គាល់ខាងលើប្រាប់ទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារលើឃ្លាំងស្ដុកប្រេងនោះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការ វាយបកទ្រង់ទ្រាយធំដែលអ្នកគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ... ហើយវាពិតជាមានសារៈសំខាន់ក្នុងការវាយប្រហារលើសមត្ថភាពឡូហ្ស៊ីស្ទិករបស់រុស្ស៉ី នៅមុនការធ្វើប្រតិបត្តិការវាយបក»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើង នៅឯឃ្លាំងស្ដុកប្រេងមួយកន្លែង នៃទីក្រុងកំពង់ផែសេវ៉ាស្ដូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ ជាទីដែលកងនាវារុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅឈរជើង។ ខាងអាជ្ញាធររុស្ស៉ី បានអះអាងថាអគ្គិភ័យនេះបង្កឡើងដោយការវាយប្រហារដោយយន្ដហោះដ្រូន៕