(បាងកក)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថាគណបក្សភឿថៃ (Pheu Thai) ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសថៃ បាននាំមុខដាច់លើគណបក្សជាគូប្រជែងរបស់ខ្លួន នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
ការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ស៊ូអាន ឌូស៉ីត ផូល (Suan Dusit Poll) ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានឱ្យដឹងថាគណបក្សភឿថៃ ដែលមាន ទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួលបានការគាំទ្រ ៤១.៣៧ភាគរយ នៅក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតចំនួន ១៦២,០០០នាក់ ត្រូវបាន សម្ភាសន៍។ ការស្ទង់មតិថ្នាក់ជាតិដដែល ដែលត្រូវបានធ្វើឡើងចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ក៏បានបង្ហាញដែរថាគណបក្ស Move Forward ស្ថិតនៅលេខរៀងទី២ ដោយទទួលបានសំឡេងគាំទ្រ ១៩.៣២ភាគរយ ខណៈគណបក្ស United Thai Nation Party របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេង គាំទ្រ ៨.៤៨ភាគរយ ហើយគណបក្ស Palang Pracharath របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) មានសំឡេងគាំទ្រ ៧.៤៩ភាគរយ។
ដោយឡែក ការស្ទង់មតិមួយរបស់កាសែតជាភាសាថៃ Matichon និង Daily News បានបង្ហាញថាមេដឹកនាំគណបក្ស Move Forward គឺលោក ភីតា លីមចារឿនរ៉ាត់ (Pita Limjaroenrat) គឺជាជម្រើសកំពូលសម្រាប់តំណែងជានាយករដ្ឋមន្ត្រី ជាមួយសំឡេងគាំទ្រ ៤៩.១៧ភាគរយ តាមពីក្រោយដោយបេក្ខជននាយករដ្ឋមន្ត្រី២រូបមកពី គណបក្សភឿថៃ គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ដែលទទួលបានសំឡេងគាំទ្រ ១៩.៥៩ភាគរយ និងលោក ស្រិតថា ថាវីស៊ីន (Srettha Thavisin) មានសំឡេងគំាទ្រ ១៥.៥៤ភាគរយ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់កាសែត Matichon និង Daily News ធ្វើឡើងចន្លោះពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា។ ការស្ទង់មតិទាំងឡាយនៅពេលកន្លងមក សុទ្ធតែបង្ហាញពីការថយចុះប្រជាប្រិយភាពរបស់លោក ប្រាយុទ្ធ ដែលទទួលបានសំឡេងគាំទ្រ ៦.៥២ភាគរយ និងលោក ប្រាវីត ទទួលបានត្រឹមតែ ២.៣៥ភាគរយប៉ុណ្ណោះ៕