(អ៉ីស្ដង់ប៊ូល)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កងកម្លាំងចារកម្មតួកគី បានសម្លាប់ មេដឹកនាំក្រុម ISIS ឈ្មោះ អាប៊ូ ហ៊ូសេន អាល់ គួរ៉ាស៉ី (Abu Hussein al-Qurashi) នៅក្នុងប្រទេសស៉ីរី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TRT របស់តួកគី លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «បុគ្គលនេះត្រូវបានកម្ចាត់តាមរយៈប្រតិបត្តិការទីភ្នាក់ងារចារកម្មតួកគី នៅក្នុងប្រទេសស៉ីរី កាលពីថ្ងៃម្សិលមិញ (ថ្ងៃសៅរ៍ ទី២៩ ខែមេសា) ក្រោយការតាមប្រមាញ់ជាយូមកហើយ»

មន្រ្តីក្នុងតំបន់ និងកងកម្លាំងសន្តិសុខស៉ីរី បាននិយាយថា ការវាយឆ្មក់មួយបានធ្វើឡើងនៅក្នុងទីក្រុងចាន់ដារីស (Jandaris) ដែលស្ថិតនៅឯភាគខាងជើងប្រទេស គ្រប់គ្រងដោយ ក្រុមឧទ្ទាមគាំទ្រដោយតួកគី។ យ៉ាងនេះក្តី កងទ័ពជាតិស៉ីរីមិនបានធ្វើការអធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា ក្រុម ISIS បានជ្រើសរើសជនឈ្មោះ អាល់ គួរ៉ាស់ស៉ី ជាមេដឹកនាំរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមេដឹកនាំមុនត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយ ដឹកនាំ ដោយសហរដ្ឋអាមេរិក នៅភាគខាងត្បូងប្រទេសស៉ីរី៕