(កៀវ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានគំរាមដកទាហានរបស់ខ្លួនចេញពីសមរភូមិក្នុងទីក្រុងបាកមូត (Bakhmut) នៃភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈ ចំនួនទាហានស្លាប់ និងរងរបួសកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុករុស្ស៉ី លោក សេមីយ៉ុន ប៉េហ្គូវ (Semyon Pegov) កាលពីចុងសប្ដាហ៍កន្លងទៅនេះ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យ៉េវហ្គេនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថាការបាត់បង់នៅក្នុងទីក្រុងបាកមូត មានកម្រិតខ្ពស់ជាងភាពចាំបាច់ ៥ដង ដោយសារតែការខ្វះខាត គ្រាប់កាំភ្លើងធំ។

ថៅកែក្រុមហ៊ុន Wagner រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជារៀងរាល់ថ្ងៃ យើងបានប្រមូលសាកសពទាហានរបស់យើងរាប់ពាន់នាក់ដាក់ចូលក្នុងមឈូស និងបញ្ជូនត្រឡាប់ទៅ ផ្ទះវិញ»។ លោក ព្រីហ្គូហ្ស៉ីន បន្ថែមទៀតថាលោកក៏បានផ្ញើសំបុត្រទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ដើម្បីស្នើសុំការផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ «ប្រសិនបើការខ្វះខាតគ្រាប់កាំភ្លើងធំ មិនត្រូវបានបំពេញឡើងវិញទេ នោះកងកម្លាំងរបស់យើងអាចនឹងត្រូវបានបង្ខំឱ្យ ជ្រើសរើសត្រូវដកខ្លួនចេញ ឬក៏ ត្រូវស្លាប់»។ នេះជាការបន្ថែមរបស់លោក ព្រីហ្គូហ្ស៉ីន។

គួរបញ្ជាក់ថា លោក ព្រីហ្គូហ្ស៉ីន ក៏បានអះអាងដែរថាដោយសារតែការខ្វះខាតគ្រាប់កាំភ្លើងធំ ក្រុមហ៊ុនរបស់លោកបានបាត់បង់អ្នកប្រយុទ្ធអស់ ៩៤នាក់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ៕