(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបើកកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ និងបានជជែកគ្នាពីតម្រូវការចាំបាច់របស់អ៊ុយក្រែន ដែលកំពុងត្រៀមបើកធ្វើប្រតិបត្តិការវាយបកដណ្ដើមទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ហ្សេលេនស្គី បាននិយាយថាលោកបានជជែកពិភាក្សាដ៏យូរ និងដ៏មានអត្ថន័យជាមួយលោក ម៉ាក្រុង ជាមួយ ការបង្ហាញពីគោលជំហររបស់ខ្លួន និងថាតើត្រូវបញ្ចប់ជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែនដោយរបៀបណា? ដោយឡែក នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានអរគុណទៅដល់បារាំង និងលោក ម៉ាក្រុង សម្រាប់ការផ្ដល់ការគាំទ្រដល់ប្រទេស និងប្រជាជនរបស់លោក ព្រមទាំងអរគុណបារាំងផងដែរ សម្រាប់ការបញ្ជូនអាវុធឱ្យ អ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមវិមានប្រធានាធិបតីបារាំង លោក ម៉ាក្រុងបានអះអាងឡើងវិញប្រាប់លោក ហ្សេលេនស្គី ពីការគាំទ្ររបស់បារាំងចំពោះអ៊ុយក្រែន ហើយថាលោក ម៉ាក្រុង បាន ផ្ដល់ព័ត៌មានថ្មីស្ដីពីការសម្របសម្រួលរបស់អឺរ៉ុប ក្នុងការផ្ដល់ជំនួយយោធាទៅកាន់ទីក្រុងកៀវ៕