(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នឹងធ្វើដំណើរទៅកាន់ក្រុងដាម៉ាស នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ តាមការអញ្ជើញផ្លូវការរបស់ប្រធានាធិបតីស៊ីរី សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ «ដ៏មានសារៈសំខាន់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក Hossein Akbari ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់ លោក Raisi ទៅកាន់ក្រុងដាម៉ាស នៅថ្ងៃពុធសប្តាហ៍ក្រោយ គឺជាដំណើរដ៏សំខាន់មួយដោយសារតែការផ្លាស់ប្តូរ និងការវិវឌ្ឍដែលកើតឡើងនៅក្នុងតំបន់។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​ ក្រោយ​ការ​ចុះ​សម្រុង​គ្នា​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត និងការកើនឡើងនៃទំនាក់ទំនងអារ៉ាប់ជាមួយក្រុងដាម៉ាស។

អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ហើយបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដល់របបនេះ ក្នុងអំឡុងពេលជម្លោះស៊ីរីរយៈពេល ១២ឆ្នាំ។

លោក Akbari ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា «ដំណើរទស្សនកិច្ចនេះមិនត្រឹមតែនឹងផ្តល់ប្រយោជន៍សម្រាប់ទីក្រុងតេហេរ៉ង់ និងដាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏ល្អមួយដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់ អាចទទួលបានអត្ថប្រយោជន៍ផងដែរ»

ដំណើរ​ទស្សនកិច្ច​របស់​ លោក Raisi នឹង​ក្លាយ​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ទៅ​កាន់​ក្រុងដាម៉ាស​ ចាប់​តាំង​ពី​ផ្ទុះ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​ក្នុង​ឆ្នាំ ២០១១។ប្រធានាធិបតី​អ៊ីរ៉ង់​ចុង​ក្រោយ ​ដែលបាន​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ស៊ីរី គឺ​លោក Mahmoud Ahmadinejad ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១០៕