(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ០៤នាក់នៅថ្ងៃអាទិត្យ (៣០ មេសា) បន្ទាប់ពីទូកដែលដឹកអ្នកមុជទឹករាប់សិបនាក់មួយគ្រឿង បានលិចនៅក្នុងដែនសមុទ្រហ្វីលីពីនដែលជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា​ ឆ្នាំ២០២៣។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា មនុស្ស ២៨នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកឈ្មោះថា Dream Keeper បានលិចកាលពីព្រឹកថ្ងៃអាទិត្យ ចូលទៅក្នុងតំបន់ថ្មប៉ប្រះទឹក Tubbataha នៃខេត្ត Palawan ភាគខាងលិច។

ក្នុង​ចំណោម​អ្នក​ដំណើរ​ក្នុង​ទូក​មុជ​ទឹក​នោះ មាន​ជនជាតិ​ចិនចំនួន ០៤​នាក់។

អាជ្ញាធរបានគូសបញ្ជាក់ថា ម្ចាស់កប៉ាល់ មេដឹកនាំអ្នកមុជទឹក និងភ្ញៀវពីរនាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈនាវា​ឆ្មាំ​ឆ្នេរ​មួយ​គ្រឿង និង​ទូក​មុជ​ទឹក​ប្រហែល​១០​គ្រឿង​កំពុង​ស្វែង​អ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Tubbataha មានទំហំ ៩៧,០០០ហិកតា គឺជាតំបន់ការពារសមុទ្រដ៏ធំបំផុតមួយនៅក្នុងប្រទេស ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣៕