(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ការលេចធ្លាយឧស្ម័នបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១១នាក់ ក្នុងថ្ងៃអាទិត្យនេះ នៅឯរដ្ឋពុនចាប (Punjab) ភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ឧស្សាហកម្ម ហ្គៀស្ពូរ៉ា (Giaspura) នៃទីក្រុងលូឌីណា (Ludhina)។ ស្នងការប៉ូលិសក្រុងលូឌីណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សចំនួន១១នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ ប្រភពនៃការលេចធ្លាយ ហើយនិងប្រភេទឧស្ម័នដែលលេចធ្លាយ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា ស្រ្តីចំនួន៥នាក់ ស្ថិតក្នុងចំណោមអ្នកដែលបាន​បាត់បង់ជីវិត ខណៈជនរងគ្រោះ៦នាក់ទៀត គឺរួមមានក្មេងប្រុស២នាក់ អាយុ១០ឆ្នាំនិង១៣ឆ្នាំ។

គួរបញ្ជាក់ថា ករណីលេចធ្លាយឧស្ម័ន គឺជារឿងធ្លាប់កើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសដែលមានប្រជាជនជាង១.៤ពាន់លាននាក់​នេះ។ កាលពីខែសីហា ឆ្នាំមុន ស្រ្តីយ៉ាងហោច១១២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយមានការធ្លាយឧស្ម័ននៅរោងចក្រផលិត​សម្លៀកបំពាក់មួយកន្លែង ក្នុងរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) ភាគខាងត្បូងប្រទេស។ ហេតុការណ៍នោះកើតឡើង បន្ទាប់ពី​ហេតុការណ៍ស្រដៀងគ្នាមួយទៀត កាលពីខែមិថុនា ឆ្នាំដដែល នៅពេលស្រ្តីប្រហែល២០០នាក់ បានដួលសន្លប់ក្រោយមានការលេចធ្លាយឧស្ម័ន​នៅតំបន់ដូចគ្នា។

រីឯកាលពីឆ្នាំ២០២០ មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ និងរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយឧស្ម័នបានលេចធ្លាយ ​នៅរោងចក្រគីមីមួយកន្លែងក្នុងទីក្រុងកំពង់ផែឧស្សាហកម្ម វិសាខាផាត់ណាំ (Visakhapatnam)។ ចំណែក ករណីគ្រោះមហន្តរាយឧស្សាហកម្ម​ដ៏អាក្រក់បំផុតមួយរបស់ប្រទេសឥណ្ឌា គឺកាលពីឆ្នាំ១៩៨៣ នៅពេលការលេចធ្លាយឧស្ម័នពីរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតមួយកន្លែង នៅទីក្រុងបូផាល (Bhopal) ភាគកណ្តាលប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣,៥០០នាក់ ដែលរស់នៅជុំវិញទីនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយមានការលេចធ្លាយ៕