(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បានចាកចេញពីប្រទេស នៅថ្ងៃអាទិត្យនេះ ដើម្បីទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ខណៈដែលរូបលោកកំពុងព្យាយាម ធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោន កាន់តែមានភាពរឹងមាំបន្ថែមទៀត ចំពោះមុខការកើនឡើងនៃភាពតានតឹងជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។
លោក ម៉ាកូស នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់លោកជាផ្លូវការ តាមរយៈការបើកកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃចន្ទសប្តាហ៍ក្រោយនៅឯសេតវិមាន ខណៈលោកប្រធានាធីបតីហ្វីលីពីន បាននិយាយថា ជំនួបនោះគឺចាំបាច់ជាខ្លាំង ដើម្បីជួយដល់ផលប្រយោជន៍ជាតិរបស់ហ្វីលីពីន និងដើម្បីពង្រឹងសម្ព័ន្ធភាពដ៏សំខាន់។
គួរបញ្ជាក់ថា មុនទស្សនកិច្ចរបស់លោក ម៉ាកូស ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញមុខថ្កោលទោស និងព្រមានចិន ជុំវិញហេតុការណ៍ប៊ិះប៉ះទង្គិចគ្នាមួយ រវាងនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន កាលពីមួយសប្តាហ៍មុន នៅឯតំបន់សមុទ្រចិនខាងត្បូង។
លោក ចូ បៃដិន បាននិងកំពុងខំប្រឹងធ្វើការដើម្បីពង្រឹងទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់អាស៉ី ខណៈដែលទំនាក់ទំនងរវាងអាមេរិកនិងចិន បន្តស្ថិតក្នុងសភាពតានតឹង ហើយទីតាំងភូមិសាស្រ្តរបស់ហ្វីលីពីន ដែលស្ថិតនៅក្បែរច្រកផ្លូវទឹកសំខាន់ៗ ក៏ដូចជានៅជិតកោះតៃវ៉ាន់ផងដែរនោះ បានជំរុញឱ្យទីក្រុងវ៉ាស៉ីនតោនផ្តល់សារសំខាន់ផ្នែកយុទ្ធសាស្រ្តជាពិសេស ដល់ប្រទេសអាស៊ានមួយនេះ៕