(យូអិន)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) មិនបានអញ្ជើញរដ្ឋបាលតាលីបង់ ទៅកាន់កិច្ចប្រជុំមួយ ដែលរូបលោកកោះប្រជុំជាមួយ ក្រុមបេសកជនពិសេសទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន មកពីបណ្តាប្រទេសផ្សេងៗ នៅឯទីក្រុងដូហារបស់កាតា នាសប្តាហ៍ក្រោយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យ UN លោក ស្ទេហ្វាន ឌូចារិគ (Stephane Dujarric) បាននិយាយយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN មិនបានផ្ញើការអញ្ជើញទៅកាន់អាជ្ញាធរតាលីបង់ទេ»។ កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងដូហានឹងមិនផ្តោតទៅលើ លទ្ធភាពនៃការទទួលស្គាល់ជាអន្តរជាតិ ចំពោះរដ្ឋបាលតាលីបង់នៅអាហ្វហ្កានីស្ថាននោះឡើយ បន្ទាប់ពីមានការអធិប្បាយដោយអគ្គលេខាធិការរងរបស់ UN ដែលបានបង្កជាក្តីបារម្ភនិងការយល់ច្រឡំមួយចំនួន។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានដណ្តើមកាន់កាប់អំណាច កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ស្របពេលដែលកងកម្លាំងយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថានវិញ ក្រោយសង្រ្គាមរយៈពេល២០ឆ្នាំ។ កាលពីខែចុងឆ្នាំមុន មហាសន្និបាត UN ដែលមានសមាជិក១៩៣ បានគាំទ្រការពន្យារពេលជាលើកទី២ នូវការសម្រេចចិត្តថា គួរឬមិនគួរទទួលស្គាល់តាលីបង់ រដ្ឋាភិបាលស្របច្បាប់នៅអាហ្វហ្កានីស្ថាន តាមរយៈការអនុញ្ញាតឱ្យពួកគេបញ្ជូនឯកអគ្គរដ្ឋទូត UN មកកាន់ទីក្រុងញូយ៉ក៕