(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់ចិនថា បានធ្វើទុក្ខបុកម្នេញនិងសម្លុតគំរាមនាវារបស់ហ្វីលីពីន ហើយបានទទូចឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពបង្កហេតុ នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីហេតុការណ៍ប៊ិះនឹងប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន នៅឯតំបន់ផ្លូវទឹកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មៀលឡឺ (Matthew Miller) បាននិយាយដូច្នេះថា «យើងស្នើឱ្យទីក្រុងប៉េកាំង បញ្ឈប់សកម្មភាពបែបបង្កហេតុនិងគ្រោះថ្នាក់របស់ខ្លួន» ហើយថែមទាំងបានព្រមានចិនថា ការវាយប្រហារណាមួយទៅលើ យោធាក៏ដូចជា​យន្តហោះឬនាវាសាធារណៈរបស់ហ្វីលីពីន រួមមានទាំងនាវារបស់ឆ្មាំសមុទ្រហ្វីលីពីន នឹងនាំទៅរកការឆ្លើយតបពីសហរដ្ឋអាមេរិក។ នៅ​សប្តាហ៍ក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) នៅរដ្ឋធានីវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់ក្រសួងការបរទេសអាមេរិក គឺជាការឆ្លើយតបចំពោះហេតុការណ៍ប៊ិះប៉ះទង្គិចគ្នាមួយ រវាង​នាវាឆ្មាំសមុទ្ររបស់ចិននិងហ្វីលីពីន នៅក្បែរទីប្រជុំកោះស្ព្រេតលី (Spratly Islands) ដែលជាកន្លែងមានបញ្ហាវិវាទរវាងប្រទេសទាំងពីរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីពេលថ្មីៗកន្លងទៅនេះ។ ទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានបន្ទោសគ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុនោះ៕