(តេស្កិន)៖ នៅថ្ងៃអាទិត្យនេះ ប្រជាជនអ៊ូសបេគីស្ថានកំពុងនាំគ្នាទៅបោះឆ្នោត លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលសន្យាផ្តល់​ការគាំពារសង្គមប្រសើរជាងមុនដល់ប្រជាជន ជាថ្នូរនឹងការរាប់អាណត្តិរបស់មេដឹកនាំសាជាថ្មីឡើងវិញ ដែលអាចនឹងអនុញ្ញាតឱ្យប្រធានាធិបតីនៅកាន់អំណាចបានរហូតដល់ឆ្នាំ២០៤០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។

ស្របពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រមទាំងខ្លឹមសារនៅក្នុងសំណើធ្វើវិសោធនកម្ម កំណត់ឱ្យប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្ស៉ីយ៉ូយេវ (Shavkat Mirziyoyev) អាចកាន់អំណាចបានត្រឹម២អាណត្តិជាប់គ្នាក៏ដោយ ក្រុមមន្រ្តីអ៊ូសបេគីស្ថានធ្លាប់និយាយហើយថា ប្រសិនបើការធ្វើវិសោធនកម្មត្រូវបានអនុម័ត នោះអាណត្តិរបស់លោក មៀហ្ស៉ីយ៉ូយេវ នឹងត្រូវរាប់សាដើមឡើងវិញ។ មិនតែប៉ុណ្ណោះ ការកែ​សម្រួលនោះ ក៏បង្កើនរយៈពេលកាន់អំណាចពី៥ឆ្នាំ ឡើងដល់៧ឆ្នាំ សម្រាប់មួយអាណត្តិផងដែរ ខណៈបើតាមទ្រឹស្តីគឺលោក មៀហ្ស៉ីយ៉ូយេវ ដែលសព្វថ្ងៃមានវ័យ៦៥ឆ្នាំ អាចនៅធ្វើ​ជាមេដឹកនាំរហូតនៃប្រទេស ដែលមានប្រជាជន៣៥លាននាក់នេះ រហូតដល់ឆ្នាំ២០៤០។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិខាងលើ នឹងត្រូវប្រកាសមានសុពលភាព ប្រសិនបើជាងពាក់កណ្តាលនៃប្រជាជនអ៊ូសបេគីស្ថាន ដែលមានសិទ្ធិបោះឆ្នោតចំនួន ១៩.៧លាននាក់ នាំគ្នាចូលរួម ហើយលទ្ធផលបឋមត្រូវគេរំពឹងថា នឹងទទួលបាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕