(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកមានកាំភ្លើងខ្លីមួយដើមនៅជាប់ខ្លួន ប៉ុន្តែមិនមែនដើម្បី​ទុកសម្រាប់បាញ់សម្លាប់ខ្លួនឯងទេ ហើយបានអះអាងថា លោកនឹងតស៊ូប្រយុទ្ធដល់ស្លាប់ជាមួយក្រុមមនុស្សជំនិតរបស់លោក ប្រសិនបើកងកម្លាំងរុស្ស៉ីបានសម្រុកចូលដល់ទីស្នាក់ការរបស់លោក នៅឯរដ្ឋធានីកៀវ កំលុងពេលសង្រ្គាមផ្ទុះឡើងដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ខ្ញុំចេះបាញ់កាំភ្លើង។ តើអ្នកអាច​ស្រមៃឃើញទេ នូវចំណងជើងព័ត៌មានមួយថា 'ប្រធានាធិបតីអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៉ី'។ វាគឺជារឿងដ៏អាម៉ាស ខ្ញុំជឿថាវានឹងជារឿងដ៏គួរឱ្យអាម៉ាស់»។

កំលុងប៉ុន្មានថ្ងៃដំបូងក្រោយការឈ្លានពានរបស់រុស្ស៉ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្រ្តីអ៊ុយក្រែនបានអះអាងថា កងអង្គភាព​ចារកម្មរបស់រុស្ស៉ី បានព្យាយាមជ្រៀតចូលទីក្រុងកៀវ ប៉ុន្តែត្រូវបានកម្ចាត់ ជាហេតុនាំឱ្យមិនអាចទៅដល់វិថី បានកូវ៉ា (Bankova) នៅឯ​កណ្តាលទីក្រុង និងជាទីដែលការិយាល័យប្រធានាធិបតីអ៊ុយក្រែនស្ថិតនៅ។ រីឯកងកម្លាំងរុស្ស៉ីដទៃទៀត បានបើកការវាយប្រហារនៅជាយ​ទីក្រុងកៀវ ប៉ុន្តែមិនអាចរុលចូលឆ្ងាយជាងនោះបាន។ មិនតែប៉ុណ្ណោះ ក្រុមមន្រ្តីអ៊ុយក្រែនក៏បានរាយការណ៍អំពី ការប៉ុនប៉ងធ្វើសកម្មភាព​​វិច្ឆេទកម្មមួយចំនួន ដែលទទួលបរាជ័យនៅក្នុងទីក្រុងកៀវផងដែរ។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ប្រសិនបើពួករុស្ស៉ីបានចូលមកដល់ក្នុងការិយាល័យ គឺពួកយើងប្រហែលជា​​មិននៅរស់ឡើយ។ គ្មាននរណាម្នាក់នឹងអនុញ្ញាតឱ្យខ្លួនពួកគេ ត្រូវចាប់ជាឈ្លើយសឹកនោះទេ ព្រោះពួកយើងបានត្រៀមលក្ខណៈការពារ​វិថី បានកូវ៉ា យ៉ាងមុតមាំបំផុត។ យើងច្បាស់ជានឹងស្ថិតនៅទីនោះរហូតដល់ដង្ហើមចុងក្រោយ»។

ដោយឡែក នៅពេលសាកសួរថាតើរូបលោក មានកាំភ្លើងខ្លី ហើយបានហាត់ប្រើប្រាស់វាដែរឬអត់នោះ លោក ប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបថា លោកមាននៅជាប់ខ្លួនហើយក៏បានហ្វឹកហាត់ប្រើវាដែរ ខណៈទន្ទឹមគ្នា លោកបានបដិសេធការសង្ស័យថា​ រូបលោកអាចនឹង​ប្រើកាំភ្លើងនោះដើម្បីបាញ់សម្លាប់ខ្លួនឯង ជាជាងត្រូវក្លាយខ្លួនជាចំណាប់ខ្មាំង៕