(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអាមេនី បាននិយាយនៅថ្ងៃសៅរ៍នេះថា អាមេនី និងអាស៊ែបៃហ្សង់ នឹងរៀបចំកិច្ចចរចាថ្មីមួយក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីព្យាយាមធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។

ភាពតានតឹងបានកើនឡើងម្តងទៀតរវាងប្រទេសទាំងពីរជុំវិញតំបន់ជម្លោះ ណាហ្កណូ-ការ៉ាបាកហ៍ (Nagorno-Karabakh) ជាកន្លែងដែលកងរក្សាសន្តិភាពរុស្ស៉ីត្រូវបានដាក់ពង្រាយក្នុងឆ្នាំ២០២០ ដើម្បីបញ្ចប់ជម្លោះលើកទីពីរក្រោយពេលដែលអាមេនី និងអាស៊ែបៃហ្សង់បានវាយប្រយុទ្ធគ្នាលើតំបន់ជុំវិញនោះ គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១។

ចាប់ពីថ្ងៃទី៣០ ខែមេសា រដ្ឋមន្ត្រីការបរទសអាមេនី លោក អារ៉ារ៉ាត់ មីហ្សូយ៉ាន់ (Ararat Mirzoyan) នឹងទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី អានី បាដាលយ៉ាន់ (Ani Badalyan) កិច្ចប្រជុំបន្ទាប់ស្តីពីកិច្ចព្រមព្រៀងធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងអាមេនី និងអាស៊ែបៃហ្សង់ ត្រូវបានគ្រោងទុក។ យ៉ាងនេះក្តី នៅមិន​មាន​ការ​បញ្ជាក់​ពីភាគីអាស៊ែបៃហ្សង់នោះទេ។

គួរបញ្ជាក់ថា ទោះបីជាមានការព្យាយាមសម្រុះសម្រួលគ្នាជាច្រើនឆ្នាំក៏ដោយ អាមេនី និងអាហ្សែបៃហ្សង់មិនទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែលនឹងអាចដោះស្រាយបាននូវបញ្ហាធំៗមួយចំនួនដូចជា ការបោះបង្គោលព្រំដែន និងការបញ្ជូនអ្នកទោសមកវិញ៕