(ខាទុំ)៖ មន្ត្រីអង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃសៅរ៍នេះថា ភាគីជម្លោះនៅស៊ូដង់កាន់តែបើកចំហចំពោះការចរចាហើយព្រមទទួលស្គាល់ថាការប្រយុទ្ធគ្នាមិនអាចចេះតែបន្តបានទេ ដែលជាសញ្ញាប្រសើរមួយបើទោះបីជាការប្រយុទ្ធនៅតែបន្តក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ុលឃឺ ភឺត (Volker Perthes) បេសកជនពិសេសរបស់ UN ប្រចាំស៊ូដង់និយាយថា ភាគីនានាបានតែងតាំងអ្នកតំណាងរបស់ខ្លួនសម្រាប់កិច្ចពិភាក្សាគ្នា ទោះបីជាជាក់ស្តែងនៅមានសំណួរមួយថាតើពួកគេអាចឈានទៅដល់ការអង្គុយចរចាជាមួយគ្នាដែរឬអត់នោះ។

យ៉ាងនេះក្តី ទស្សនវិស័យ​នៃ​ការចរចា​រវាង​ថ្នាក់ដឹក​នៃ​ភាគី​ទាំង​ពីរ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូច​ជា​មិន​ល្អសោះ ដោយកាលពីថ្ងៃសុក្រសប្តាហ៍នេះ មេដឹកនាំកងទ័ព លោកឧត្តមសេនីយ អាប់ដែល ហ្វាតតា អាល់បួរហាន់ (Abdel Fattah al-Burhan) បាននិយាយថា លោកនឹងមិនអង្គុយជាមួយមេដឹកនាំ «ឧទ្ទាម» របស់ RSF ដោយសំដៅទៅលើលោកឧត្តមសេនីយ មហាំម៉ាត់ ហាដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលបាននិយាយថា លោកនឹងចរចាគ្នា តែបន្ទាប់ពីកងទ័ពបានបញ្ឈប់អរិភាព។

គួរបញ្ជាក់ថា ជម្លោះដណ្តើមអំណាចនៅស៊ូដង់ដែលផ្ទុះឡើងកាលពីពីរសប្តាហ៍មុន បានសម្លាប់មនុស្សរាប់រយអ្នក ខណៈពលរដ្ឋបរទេសនៅទីនោះកំពុងត្រូវបានជម្លៀសចេញជាបន្តបន្ទាប់ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព៕