(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថារូបលោកផ្ទាល់ បានស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួយសង្រ្គោះកុមារអ៊ុយក្រែន ជាច្រើន ដែលត្រូវបានចាប់បង្ខំបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដូច្នេះថា «យើងចាំបាច់ត្រូវតែអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់...ដើម្បីដាក់សម្ពាធ លើជនឈ្លានពានរុស្ស៉ី និងពួកភេរវករ ដែលបានចាប់ពង្រត់កុមារជាច្រើនរបស់ពួកយើង»។ លោកបន្តថា «អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសមួយចំនួនក៏បានប្រឹងប្រែង ដែរ តែមិនទាន់មានលទ្ធផលអ្វីនោះទេ ដូច្នេះហើយខ្ញុំបានស្នើឱ្យសុំជំនួយពីមេដឹកនាំចិន (លោក ស៊ី ជិនពីង)»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី និងលោក ស៊ី ជិនពីង បានបើកកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធកន្លងទៅ និងដែលជាកិច្ចពិភាក្សាលើកដំបូងបំផុត ចាប់តាំងពី រុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ បើតាមទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បង្ខំបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏បានចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចាប់ពង្រត់កុមារអ៊ុយក្រែនផងដែរ៕