(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បី ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី យូន ស៊ុកយុល ដែលបានធ្វើទស្សនកិច្ចក្នុងទីក្រុងតូក្យូ កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុន​ Kyodo នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក គីស៉ីដា ទៅកាន់ប្រទេសកូរ៉េខាងត្បូងអាចនឹងធ្វើឡើងនៅមុន នាយករដ្ឋមន្ត្រីជប៉ុនរូបនេះធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែឧសភាខាងមុខ។ ពោលគឺដំណើរទស្សនកិច្ចនេះ អាចនឹងត្រូវធ្វើឡើង នៅថ្ងៃទី៧ ឬថ្ងៃទី៨ ខែឧសភា ហើយជំនួបរវាងលោក គីស៉ីដា និងលោក យូន មានគោលបំណងបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង នៅមុនកិច្ចប្រជុំ G7 បើកទ្វារនៅក្នុង ទីក្រុងហ៉ីរ៉ូស៊ីម៉ា (Hiroshima)។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង លោក គីស៉ីដា បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថាមកទល់នឹងពេលនេះ មិនទាន់មាន ការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេ។ កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាលើការផ្សះផ្សារទំនាក់ទំនងដែលរកាំរកូសដោយសារប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុង ជំនួបកាលពីខែមីនា រវាងលោក គីស៉ីដា និងលោក យូន ដែលបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបំផុត បំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលជាង១២ឆ្នាំ។ ចំណែកឯ ដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់កូរ៉េខាងត្បូង ធ្វើឡើងដោយលោក ស៊ីន ហ្សូអាបេ កាលពីឆ្នាំ២០១៨៕