(កៀវ)៖ មន្ត្រីលើកបន្តុបដោយរុស្ស៉ីម្នាក់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមានអគ្គិភ័យដ៏សម្បើមមួយ បានកើតឡើងនៅឯរោងចក្រស្ដុកប្រេងមួយកន្លែង នៅក្នុងទីក្រុង កំពង់ផែ សេវ៉ាស្ដូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ បន្ទាប់ពីរងការវាយប្រហារដោយយន្ដហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
បើតាមមន្ត្រីខាងលើដដែល បានបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៉ី TASS ដូច្នេះថា «កន្លែងស្ដុកប្រេងដ៏ធំមួយត្រូវបានភ្លើងឆាបឆេះ... ហើយបើតាមការវាយតម្លៃបឋម អគ្គិភ័យនេះបង្កឡើងដោយការវាយប្រហារដោយយន្ដហោះដ្រូន។ មន្ត្រីរូបនេះបន្ថែមថាអណ្ដាតភ្លើងបានឆាបឆេះលើបរិវេណ ១,០០០ម៉ែត្រក្រឡា ខណៈរូបភាព ជាច្រើនសន្លឹកត្រូវបានចែកចាយបន្តលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីអណ្តាតភ្លើង និងផ្សែងយ៉ាងខ្មួលខ្មាញ់គ្របដណ្ដប់ទីក្រុង Sevastopol។
ក៏ប៉ុន្តែ មន្ត្រីរុស្ស៉ីខាងលើមិនបានបញ្ជាក់ថាតើការវាយប្រហារដោយយន្ដហោះដ្រូនខាងលើ ជាស្នាដៃរបស់អ៊ុយក្រែន ឬក៏យ៉ាងណានោះទេ ហើយខាងទីក្រុងកៀវ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។ ការវាយប្រហារនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយផ្ដាច់ជីវិតជនស៊ីវិល យ៉ាងហោច ២៥នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ៕