(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាបើកស្ថានទូត និងអគ្គស្ថានកុងស៊ុល នៅក្នុងប្រទេសទាំង២ ឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
លោក ហូសេន អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន (Hossein Amir-Abdollahian) រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មាន មួយ ក្នុងទីក្រុងបេរូត ប្រទេសលីបង់ ក្នុងពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក។ លោក អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន បានឱ្យដឹងទៀតថាការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរូបលោក ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ អាល់សាអ៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ កាលពីថ្ងៃទី៦ ខែមេសា ក្រោមការសម្របសម្រួលពីទីក្រុងប៉េកាំង៕