(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើក្រឹត្យមួយដែលដំឡើងការផ្តន្ទាទោសអតិបរមា សម្រាប់អំពើក្បត់ជាតិ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ខណៈក្រុមអ្នករិះគន់ចោទថានេះជាផ្នែកមួយនៃការគាបសង្កត់លើអ្នករិះគន់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
ក្រឹត្យខាងលើត្រូវបានបង្ហោះជាផ្លូវការលើគេហទំព័រនៃវិមានក្រឹមឡាំង ហើយការដំឡើងការផ្ដន្ទាទោសជុំវិញអំពើក្បត់ជាតិ ពីជាប់ពន្ធនាគារ ២០ឆ្នាំ ទៅជាប់ ពន្ធនាគារអស់មួយជីវិត ក៏ត្រូវបានសភារុស្ស៉ីអនុម័តរួចហើយដែរ។ សភារុស្ស៉ី ក៏បានអនុម័តផងដែរលើការដំឡើងការផ្តន្ទាទោសអតិបរមាសម្រាប់ការប្រព្រឹត្តអំពើ ភេរវកម្ម ដែលសម្លាប់ជីវិតមនុស្ស និងមានគោលដៅបង្កអស្ថិរភាពដល់រុស្ស៉ី ពីទោសជាប់ពន្ធនាគារ១៥ឆ្នាំ ទៅដល់២០ឆ្នាំ។
ចំណែកឯ អ្នកត្រូវបានរកឃើញថាប្រព្រឹត្តទង្វើវិច្ឆេទកម្ម អាចនឹងត្រូវជាប់ពន្ធនាគារ២០ឆ្នាំ (ទោសនេះពីមុនជាប់ពន្ធនាគារ១៥ឆ្នាំ) ខណៈអ្នកត្រូវបានផ្ដន្ទាទោស ពីបទប្រព្រឹត្តអំពើភេរវកម្មអន្តរជាតិ អាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ហើយទោសនេះពីមុនត្រូវជាប់ពន្ធនាគារ ១២ឆ្នាំ។ ប៉ុន្តែ ក្រឹត្យនេះមិនបានពន្យល់ថា តើអ្វីទៅជាអំពើភេរវកម្មអន្តរជាតិ។
គួរបញ្ជាក់ថា ការចុះហត្ថលេខារបស់លោក ពូទីន លើក្រឹត្យខាងលើ កើតមានឡើងចំពេលក្រុមអ្នករិះគន់បាននិយាយថាអាជ្ញាធររុស្ស៉ីកំពុងបង្កើនការគាបសង្កត់ និងបំបិទមាត់អ្នកប្រឆាំង ឬរិះគន់លើសង្រ្គាមរបស់លោកក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ វិមានក្រឹមឡាំងអះអាងថាច្បាប់ទាំងឡាយដែលបានដាក់ចេញ គឺមានគោលដៅការពារប្រទេសជាតិ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន និងលោកខាងលិចតែប៉ុណ្ណោះ៕