(កៀវ)៖ ជនស៊ីវិលយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ី លើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រកន្លងទៅ ខណៈទីក្រុងកៀវនិយាយថាបានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់ ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
ការវាយប្រហារលើទីក្រុងឌីនីប្រូ (Dnipro) និងទីក្រុងអ៊ូម៉ាន (Uman) កាលពីថ្ងៃសុក្រ គឺជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាលើកដំបូងបំផុត របស់រុស្ស៉ី ក្នុងរយៈពេលជិត ២ខែមកនេះ។ ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថាក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមយ៉ាងខ្លាំងក្នុងការពន្លត់អគ្គិភ័យនៅឯ អាផាតធឺមិនមួយកន្លែង ដែលរងការវាយប្រហារដោយមីស៊ីលរុស្ស៉ីមួយគ្រាប់ នៅក្នុងទីក្រុង អ៊ូម៉ាន ដោយបណ្ដាលឱ្យជនស៊ីវិល ២៣នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៤នាក់ផងដែរ។
ចំណែក នៅទីក្រុងឌីនីប្រូ (Dnipro) មីស៉ីលមួយគ្រាប់បានវាយប្រហារចំលើផ្ទះមួយខ្នង ផ្តាច់ជីវិតកូនក្មេង និងស្រ្តីម្នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស។ រីឯទីក្រុងកៀវក៏ត្រូវបានអង្រួនដោយបន្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ននិងហេតុការណ៍ផ្ទុះ ត្រូវបានរាយការណ៍នៅពាសពេញប្រទេស។ មនុស្ស ២នាក់បានទទួលរងរបួស នៅក្រុងអ៊ុយក្រាយីនកា (Ukrayinka) នៃតំបន់កៀវ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់កម្ទេចមីស៉ីលបាន២១គ្រាប់ និងដ្រូន២គ្រឿង។ ជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ អ៊ុយក្រែន បានឱ្យដឹងថា ការផ្ទុះត្រូវបានរាយការណ៍ ក្រោយវេលាយប់រំលងអធ្រាត្រនៅទីក្រុងឌីនីប្រូ, ក្រេមេនឈូក (Kremenchuk) និងប៉ូលតាវ៉ា (Poltava) ដែលស្ថិតក្នុងភាគកណ្តាលអ៊ុយក្រែន ព្រមទាំងនៅទីក្រុងមីកូលេវ (Mykolaiv) ភាគខាងត្បូង។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ី គឺស្របពេលដែលអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនដើម្បីបើកប្រតិបត្តិការវាយបក ដើម្បីដណ្តើមយកទឹកដី របស់ខ្លួន ដែលត្រូវបានរុស្ស៉ីកាន់កាប់ មកវិញបន្ថែមទៀត ក្រោយទទួលបរិក្ខារយោធាថ្មីៗ រួមមានទាំងរថក្រោះប្រយុទ្ធទំនើបៗ ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ម៉្យាងវិញទៀត វាក៏បានកើតឡើងនៅមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំង ទើបតែបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាង ដែលអាចជួយនាំយកទីបញ្ចប់នៃជម្លោះមកកាន់តែកៀកផងដែរ ដោយសំដៅលើជំនួបតាមទូរស័ព្ទជាលើកដំបូងបំផុត រវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ៕