(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានចេញមុខរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថាកិច្ចព្រមព្រៀងនេះ នឹងបង្កអស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ព្រមទាំងបង្កឱ្យមានការរត់ប្រណាំងអាវុធ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៉ីបានកត់សម្គាល់ដូច្នេះថា «ការវិវត្តនេះនឹងបង្កអស្ថិរភាពក្នុងតំបន់ និងបង្កផលវិបាកអវិជ្ជមានដល់សន្តិសុខតំបន់ ក៏ដូចជាបង្កផលប៉ះពាល់ដល់ស្ថិរភាពពិភពលោក»។
គួរបញ្ជាក់ថា ការរិះគន់របស់ទីក្រុងមូស្គូ កើតមានឡើង ក្រោយសហរដ្ឋអាមេរិក កាលពីថ្ងៃពុធកន្លងទៅនេះបានសន្យាថានឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូង មាន យោបល់កាន់តែច្រើនជាងមុន នៅក្នុងផែនការនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរឱ្យទីក្រុងសេអ៊ូលបោះបង់ចោលគំនិតចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោន ក៏បានប្ដេជ្ញាផងដែរថានឹងប្រើអាវុធនុយក្លេអ៊ែរការពារកូរ៉េខាងត្បូង ក្នុងករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ពីកូរ៉េខាងជើង៕