(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាវាជារឿងចាំបាច់ក្នុងការធានាឱ្យបានថាការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន នឹងមិនទទួលជោគជ័យឡើយ ហើយការបញ្ជូនអាវុធឱ្យអ៊ុយក្រែនក៏ជាជម្រើសមួយស្ថិតនៅក្រោមការពិចារណាដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
លោក យូន ស៊ុកយុល ធ្វើការកត់សម្គាល់បែបនេះ ក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Harvard នាឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «ការឈ្លានពានរបស់រុស្ស៉ីជាទង្វើបំពានច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន ... ហើយ យើងគួរតែបង្ហាញថាការប៉ុនប៉ងរបៀបនេះ (ការឈ្លានពាន) នឹងមិនអាចទទួលជោគជ័យឡើយ ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើងជាថ្មី នៅពេលអនាគត»។
នៅពេលត្រូវបានសាកសួរពីលទ្ធភាពដែលកូរ៉េខាងត្បូងអាចនឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន លោក យូន បានឆ្លើយថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ សមរភូមិសង្រ្គាមនៅអ៊ុយក្រែន ហើយយើងនឹងចាត់វិធានការយ៉ាងសមស្រប ក្នុងគោលបំណងការពារសណ្ដាប់ធ្នាប់អន្តរជាតិ និងច្បាប់អន្តរជាតិ។ បច្ចុប្បន្ន យើងកំពុងតាមដាន ស្ថានការណ៍ និងកំពុងពិចារណាលើជម្រើសជាច្រើន»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីសប្ដាហ៍មុន លោក យូន ស៊ុកយុល បាននិយាយថាកូរ៉េខាងត្បូងអាចនឹងផ្ដល់អាវុធឱ្យអ៊ុយក្រែន ប្រសិនបើ ជនស៊ីវិលអ៊ុយក្រែនរងការវាយប្រហារទ្រង់ទ្រាយធំ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ រុស្ស៉ីក៏បានព្រមានដែរថាខ្លួនអាចនឹងបញ្ជូនអាវុធឱ្យកូរ៉េខាងជើង បើកូរ៉េខាងត្បូងហ៊ានផ្ដល់ អាវុធឱ្យទីក្រុងកៀវ៕