(ឡុងដ៍)៖ ប្រធានបណ្តាញទូរទស្សន៍ BBC នៅថ្ងៃសុក្រ (២៨ មេសា) បានប្រកាសលាលែងពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវថាមានជាប់ពាក់ព័ន្ធក្នុងការសម្របសម្រួលរឿងប្រាក់កម្ចីរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលបានលើកជាសំណួរអំពីសុចរិតភាពរបស់អ្នកផ្សាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

ទូរទស្សន៍ BBC ដែលទទួលបានមូលនិធិសាធារណៈ បានស្ថិតនៅក្រោមសម្ពាធនយោបាយ បន្ទាប់ពីទូរទស្សន៍នេះត្រូវបានគេបង្ហាញថា លោក Richard Sharp បានជួយរៀបចំសម្របសម្រួលប្រាក់កម្ចី ជាច្រើនសប្តាហ៍មុនពេលដែលលោកត្រូវបានតែងតាំងឱ្យធ្វើជាប្រធាន BBC តាមអនុសាសន៍របស់រដ្ឋាភិបាល។

ពេលនោះ លោក Johnson គឺជាមេដឹកនាំគណបក្សអភិរក្ស ក៏ដូចជានាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។

រដ្ឋាភិបាលអភិរក្សនិយមរបស់ចក្រភពអង់គ្លេស ត្រូវបានចោទប្រកាន់ជាយូរមកហើយថា កំពុងស្វែងរកការបំបិទមាត់ BBC ហើយការតែងតាំង លោក Richard Sharpe ដែលជាអតីតម្ចាស់ជំនួយរបស់គណបក្សនេះផងទៀតនោះ ត្រូវបានបដិសេធយ៉ាងខ្លាំងពីសំណាក់គណបក្សប្រឆាំងនៅពេលនោះ។

ទោះជាយ៉ាងណា​ លោក Sharp បាន​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​ឡើយ ប៉ុន្តែ​បាន​និយាយ​ថា​លោក​នឹងចុះ​ចេញ​ពី​តំណែង​ ដើម្បី​ចៀសវាង​ការ​ក្លាយរឿងនេះ​ទៅ​ជាការរំខាន​ដល់​ស្អាតស្អំរបស់​ក្រុមហ៊ុន៕