(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គ្រោងនឹងធ្វើដំណើរទៅក្រៅប្រទេសចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៥ ឧសភា ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប ហ្គាណា កេនយ៉ា ម៉ូសំប៊ិក និងសិង្ហបុរី។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ លោក Kishida នឹង​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ ​នៃ​ប្រទេស​ទាំង​នេះ​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន ​រួម​មាន​ទាំងបញ្ហា​តំបន់ និង​អន្តរជាតិ អ៊ុយក្រែន និង​ទំនាក់ទំនង​ទ្វេភាគី។

លោក Kishida នឹងមានកិច្ចប្រជុំកំពូលនៅទីក្រុងគែរ និងជួបជាមួយឥស្សរជនផ្សេងទៀតនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី៣០ ខែមេសា។ លោកនឹងចាកចេញនៅថ្ងៃបន្ទាប់ ទៅកាន់រដ្ឋធានី Accra នៃប្រទេសហ្គាណា មុនពេលហោះហើរនៅថ្ងៃតែមួយ ទៅកាន់ទីក្រុងណៃរ៉ូប៊ីក្នុងប្រទេសកេនយ៉ា។ លោកនឹងទៅដល់ទីក្រុង Maputo ប្រទេសម៉ូសំប៊ិក នៅថ្ងៃទី០៣ ខែឧសភា ហើយបន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីនោះ នឹងចាកចេញទៅប្រទេសសិង្ហបុរីនៅថ្ងៃទី០៤ ខែឧសភា។

យោងតាមក្រសួងការបរទេស លោក Kishida នឹងបង្ហាញពីការប្តេជ្ញារបស់ជប៉ុនក្នុងការរក្សា និងពង្រឹងនីតិរដ្ឋអន្តរជាតិ នៅពេលដែលប្រទេសជប៉ុនរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G7 ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា៕