(ឡង់ដ៍)៖ ក្រុមយោធាអង់គ្លេសបាននិយាយថា កប៉ាល់មួយគ្រឿង ត្រូវបានរងការវាយប្រហារដោយអាថ៌កំបាំងនៅឯឆ្នេរសមុទ្រ នៃប្រទេសយេម៉ែននៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
ប្រតិបត្តិករពាណិជ្ជកម្មដែនសមុទ្ររបស់កងទ័ពអង់គ្លេស ដែលគាំទ្រកប៉ាល់ឆ្លងកាត់មជ្ឈិមបូព៌ា បាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងដែនទឹកនៃទីក្រុងឆ្នេរសមុទ្រ Nishtun របស់ប្រទេសយេម៉ែន ជាប់ព្រំដែនជាមួយប្រទេសអូម៉ង់។
របាយការណ៍បានបន្ថែមថា ការបាញ់ប្រហារត្រូវបានបាញ់ទៅលើកប៉ាល់មិនស្គាល់អត្តសញ្ញាណមួយនៅឈូងសមុទ្រ Aden ខណៈដែលទូកបីកំពុងដេញតាមវា។ ចំណែកព័ត៌មានលម្អិតមិនទាន់ត្រូវបានរាយការណ៍ឱ្យដឹងនោះទេ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានរឹបអូសយកកប៉ាល់ដឹកប្រេងមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដែលដឹកប្រេងឆៅឱ្យក្រុមហ៊ុន Chevron ឆ្ពោះទៅកាន់រដ្ឋហ៊ូស្តុន សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ឈូងសមុទ្រ Aden គឺជាផ្លូវដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មសកល ហើយបានឃើញការវាយប្រហារជាញឹកញាប់ ដែលត្រូវបានសន្មតថាក្រុមជីវពល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែនជាអ្នកប្រព្រឹត្តិ ខណ៖ការវាយប្រហាររបស់ចោរសមុទ្រសូម៉ាលី ដែលធ្លាប់ញាំញីក្នុងតំបន់នេះ ភាគច្រើនបានបញ្ឈប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទីក្រុង Nishtun ត្រូវបានគ្រប់គ្រងដោយកងកម្លាំងសម្ព័ន្ធមិត្ត របស់រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ និងគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត៕