(ម៉ាឌ្រីដ)៖ ក្រុមអ្នកឧតុនិយម ព្យាករថាសីតុណ្ហភាពនៅតំបន់មួយចំនួននៃប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះនឹងឡើងដល់ជិត ៤០អង្សាសេ ខណៈអ្នកស្រុកនៃទីក្រុងតូចមួយដែលស្ថិតនៅភាគខាងត្បូង បានប្រមូលផ្តុំគ្នាមកយកទឹកសម្រាប់ប្រើប្រាស់ ដោយសារតែអាកាសធាតុក្តៅខ្លាំងខុសពីរដូវកាលធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលក្នុងតំបន់អាន់ដាលូសៀ (Andalusia) ដែលប្រជាជនរស់នៅប្រហែល ៨០,០០០នាក់ និងភូមិចំនួន ២៧ផ្សេងទៀតក្នុងខេត្តខូដូបា (Cordoba) ត្រូវពឹងផ្អែកលើការចែកចាយទឹកស្អាតសម្រាប់បរិភោគ ចាប់តាំងពីគ្រោះរាំងស្ងួតធ្វើឲ្យហួតហែងអាងស្តុកទឹកនៅក្បែរនោះ ហើយទឹកពីទំនប់មួយទៀតត្រូវបានគេចាត់ទុកថា មិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។ អ្នកស្រុកអាចទទួលបានទឹក ៨លីត្រក្នុងមួយថ្ងៃ ពីឡានដឹកទំនិញដែលបើកបរឆ្លងកាត់ ភូមិដែលរងផលប៉ះពាល់។

ដោយឡែក ក្រុមអាជ្ញាធរបានប្រកាសថា ទីក្រុងចំនួន ៣នៅក្នុងតំបន់អាល់ហ្គាវ (Algarve) ភាគខាងត្បូងនៃប្រទេសព័រទុយហ្គាល់ ដែលជាប្រទេសជិតខាងអេស្ប៉ាញ មានហានិភ័យខ្ពស់បំផុតនៃភ្លើងឆេះព្រៃ។

គួរបញ្ជាក់ថា ទោះបីជាអាងស្តុកទឹករបស់ប្រទេសអេស្ប៉ាញរក្សាទឹកបានជាមធ្យមមាន ៥០%នៃសមត្ថភាពផ្គត់ផ្គង់របស់ពួកគេក៏ដោយ ប៉ុន្តែកម្រិតនេះបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២៥%នៅតំបន់អាន់ដាលូសៀ (Andalusia) និងតំបន់ភាគឦសាននៃតំបន់កាតាឡូញ៉ា (Catalonia)។ ជាមួយគ្នានេះ ទឹកនៅតំបន់ជួរភ្នំសឺយ៉ា បូយេរ៉ា (Sierra Boyera) បានរីងអស់ហើយជាលើកទី១ក្នុងរយៈពេល៤០ឆ្នាំ ធ្វើឲ្យអាងស្តុកទឹកនៅខេត្តខូដូបាក៏ត្រូវរីងស្ងួតអស់ផងដែរ៕