(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា យន្តហោះដ្រូនប្រយុទ្ធប្រភេទថ្មី ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនអះអាងថា មានសមត្ថភាពផ្ទុកមីស៉ីល និងគ្រាប់បែកធុនធ្ងន់នោះ ទើបតែបានធ្វើការហោះហើរក្រឡឹងជុំវិញកោះតៃវ៉ាន់ ខណៈយន្តហោះយោធាចិនសរុប១៩គ្រឿង បានហោះចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណ ដើម្បីការពារដែនអាកាស ហៅកាត់ថា ADIZ របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន ស្តីពីសកម្មភាពយោធារបស់ចិន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះយោធាចិនសរុប ១៩គ្រឿង បានចូលមកក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ហើយយន្តហោះដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមនោះ គឺយន្តហោះដ្រូនប្រយុទ្ធ TB-001 ដែលបានហោះក្រឡឹងជុំវិញ ដែនកោះនេះ។ ជាដំបូងវាបានហោះឆ្លងផ្លូវទឹកដែលនៅចន្លោះតៃវ៉ាន់និងហ្វីលីពីន រួចឡើងទៅភាគខាងកើតតៃវ៉ាន់ មុនពេលហោះឆ្លងឆ្ពោះទៅកាន់ឆ្នេររបស់ចិនវិញ។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន យន្តហោះដ្រូន TB-001 មានសមត្ថភាពបំពេញបេសកកម្មនៅរយៈកម្ពស់ខ្ពស់ និងមានចម្ងាយឆ្ងាយ ព្រមទាំងបានបញ្ចេញរូបភាពរបស់វា ដែលមានបំពាក់ទៅដោយមីស៉ីលនិងគ្រាប់បែកជាច្រើន។ កន្លងមក កងទ័ពអាកាសចិនក៏ធ្លាប់ធ្វើការហោះហើរ នូវអ្វីដែលខ្លួនហៅថា បេសកកម្មឡោមព័ទ្ធដែនកោះតៃវ៉ាន់ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរផងដែរ៕