(ញូដេលី)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានប្រាប់សមភាគីចិនរបស់ខ្លួនថា ការធ្វើឱ្យទំនាក់ទំនងប្រសើរឡើង គឺអាស្រ័យទៅលើការវិលត្រឡប់ នៃសន្តិភាពនិងភាពស្ងប់សុខ នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរ ដែលត្រូវបានរំខានដោយភាពតានតឹង​ផ្នែកយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាចណាត់ ស៉ីញ (Rajnath Singh) បានសង្កត់ធ្ងន់​​នូវគោលជំហររបស់ទីក្រុងញូដេលី ស្តីពីទំនាក់ទំនងរបស់ខ្លួនដែលបានធ្លាក់ដុនដាបជាមួយទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំមួយជាមួយសមភាគី​ចិនរបស់លោក គឺលោក លី សាងហ្វូ (Li Shangfu) នៅឯរដ្ឋធានីរបស់ប្រទេសឥណ្ឌា។ យោងតាមសេចក្តីថ្លែងការណ៍នោះ លោក ស៉ីញ បានបង្ហាញយ៉ាងច្បាស់ប្រាប់ភាគីចិនថា ការអភិវឌ្ឍទំនាក់ទំនងរវាងឥណ្ឌានិងចិន គឺអាស្រ័យលើសន្តិភាពនិងភាពសុខសាន្តនៅតាម​​ព្រំដែន។

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា-ចិន បានជួបគ្នានៅមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលត្រូវ​រៀបចំឡើងនៅទីក្រុងញូដេលី។ ជំនួបនេះគឺជាជំនួបលើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ នៅពេលដែលភាគីទាំងពីរបានបើកកិច្ចពិភាក្សា នៅក្រៅកិច្ចប្រជុំ SCO ក្នុងទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី។ វាក៏ជាការបំពេញទស្សនកិច្ចលើក​ដំបូង ដោយរដ្ឋមន្រ្តីការពារជាតិចិននៅឥណ្ឌាផងដែរ គិតចាប់តាំងពីអំពើហិង្សានៅតំបន់ជួរភ្នំហិម៉ាល័យ បានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាយក្សអាស៉ីទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា បានធ្លាក់ទៅក្នុងភាពល្អក់កករខ្លាំងកាលពី​ពាក់កណ្តាលឆ្នាំ២០២០ នៅពេលដែលកងទ័ពឥណ្ឌានិងចិនបានប៉ះទង្គិចគ្នា នៅព្រំដែនជម្លោះនៃតំបន់ហិម៉ាល័យ ហើយបណ្តាលឱ្យមាន​អ្នកស្លាប់យ៉ាងហោច២៤នាក់។ មកទល់ពេលនេះ ស្ថានការណ៍គឺបានថមថយកម្តៅភាគច្រើន ក្រោយកិច្ចពិភាក្សាយោធានិងការទូតប៉ុ ន្តែ​នៅពេលមានប្រឈមមុខដាក់គ្នាម្តងម្កាល នៅតាមបណ្តោយព្រំប្រទល់ដែលមានប្រវែង ៣,៨០០គីឡូម៉ែត្រនោះ៕