(តៃប៉ិ)៖ នៅថ្ងៃសុក្រនេះ យន្តហោះល្បាតមួយគ្រឿងរបស់យោធាជើងទឹកអាមេរិក បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈសមាជិក​សភាបារាំងម្នាក់បានបញ្ជាក់ថា នាវាយោធាយគ្រឿងមកពីប្រទេសរបស់លោក ក៏បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏រសើបនោះ កាលពីពេលថ្មីៗ​កន្លងទៅនេះផងដែរ នៅចំពោះមុខការកើនឡើងនៃភាពតានតឹង រវាងទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

កងកម្លាំង 7th Fleet របស់យោធាជើងទឹកអាមេរិក បានឱ្យដឹងថា យន្តហោះល្បាតនិងឈ្លបការណ៍ដែនសមុទ្រ P-8A Poseidon មួយគ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងដែនអាកាសអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យោធាអាមេរិកបាន​និយាយដូច្នេះថា «ដោយធ្វើប្រតិបត្តិការ នៅច្រកសមុទ្រតៃវ៉ាន់ ដោយស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិករក្សាការពារ សិទ្ធិនិងសេរីភាព នៃការធ្វើដំណើររបស់ប្រជាជាតិទាំងអស់។ ការហោះហើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ដោយយន្តហោះខាងលើ ស្តែងឱ្យឃើញពីការប្តេជ្ញា​របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដែលសេរីនិងបើកចំហ»

ទន្ទឹមគ្នា នៅក្នុងជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ គឺលោកស្រី សៃ អ៉ីងវិន នៅទីក្រុងតៃប៉ិនាថ្ងៃសុក្រនេះ សមាជិកសភាបារាំងម្នាក់ ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិ បាននិយាយថា ប្រទេសរបស់លោកនាពេលថ្មីៗនេះ ក៏ទើបតែបានចល័តនាវាយោធាមួយគ្រឿង ឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថា ការធ្វើដំណើរឆ្លងកាត់របស់វានាវាចម្បាំងនោះ បានកើតឡើងកាលពីពេលណា​ឡើយ។ កាលពីប៉ុន្មានសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា នាវាយោធាប្រភេទឈ្លបការណ៍១គ្រឿង បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ដោយចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន ចិននិយាយថា ខ្លួនមានសិទ្ធិអធិបតេយ្យនិងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ហើយហៅការអះអាងដែលថា ច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ គឺជាការអះអាងមិនត្រឹមត្រូវ។ ចំណែកសហរដ្ឋអាមេរិកនិងតៃវ៉ាន់វិញ បាន​​ច្រានចោលគោលជំហររបស់ចិន ខណៈទីក្រុងវ៉ាស៉ីនតោន បានធ្វើការចល័តជាប្រចាំនូវនាវាចម្បាំងឱ្យឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលខ្លះ ក៏បានធ្វើការហោះហើរយន្តហោះយោធាឆ្លងកាត់ផងដែរ៕