(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីយោធាអាមេរិកបានបញ្ជាក់ថា ពីឡុតសរុប៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ២គ្រឿង បានបុកគ្នានៅកណ្តាលរដ្ឋ Alaska ពេលត្រឡប់មកពីបំពេញបេសកកម្មហ្វឹកហ្វឺនមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
ឧទ្ធម្ភាគចក្រ AH-64 Apache ទាំង២គ្រឿង ដែលមកពីបន្ទាយយោធា ហ្វត វេនរ៉ាយ (Forth Wainwirght) បានបុកគ្នារួចធ្លាក់នៅក្បែរតំបន់ហៀលី (Healy) នៃរដ្ឋ Alaska។ ឧទ្ធម្ភាគចក្រនីមួយៗផ្ទុកពីឡុត២នាក់ ហើយក្រោយពេលកើតហេតុ ពីឡុត៣នាក់បានស្លាប់ ខណៈម្នាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ករណីនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែភ្លាមៗវាមិនទាន់ច្បាស់នោះទេថា មូលហេតុអ្វីបានបណ្តាលឱ្យឧទ្ធម្ភាគចក្រទាំង២គ្រឿង បុកគ្នាយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ឧទ្ធម្ភាគចក្រប៉ះទង្គិចគ្នាខាងលើ កើតមានឡើងមិនដល់មួយខែស្រួលបួលនោះឡើយ បន្ទាប់ពីទាហាន៩នាក់បានស្លាប់ នៅពេលឧទ្ធម្ភាគចក្រប្រភេទ Black Hawk ចំនួន២គ្រឿងរបស់យោធាអាមេរិក បានបុកគ្នាកំលុងការហ្វឹកហ្វឺននាពេលយប់ នៅឯរដ្ឋខេនថាក់គី (Kentucky)៕