(កៀវ)៖ នៅថ្ងៃសុក្រនេះ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស មកលើទីក្រុងជាច្រើននៅពាសពេញអ៊ុយក្រែន រាប់ចាប់ពី​រដ្ឋធានីកៀវ រហូតដល់បណ្តាតំបន់នៅភាគកណ្តាល និងភាគខាងត្បូងប្រទេស ហើយយ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

នៅក្រុងអ៊ូម៉ាន (Uman) ភាគកណ្តាលអ៊ុយក្រែន មនុស្ស៣នាក់បានស្លាប់ និង៨នាក់បានរងរបួស នៅពេលមីស៉ីលមួយគ្រាប់បានធ្លាក់ចំ​អគារស្នាក់នៅមួយខ្នង ហើយបង្កឱ្យវារងការឆាបឆេះ។ ចំណែកនៅទីក្រុងឌីនីប្រូ (Dnipro) តំបន់ភាគកណ្តាលដដែល មីស៉ីលមួយគ្រាប់​បានវាយប្រហារចំលើផ្ទះមួយខ្នង ផ្តាច់ជីវិតកូនក្មេងនិងស្រ្តីម្នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស។ រីឯទីក្រុងកៀវក៏ត្រូវបានអង្រួនដោយ​បន្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ននិងហេតុការណ៍ផ្ទុះ ត្រូវបានរាយការណ៍នៅពាសពេញប្រទេស។ មនុស្ស២នាក់បានទទួលរងរបួស នៅក្រុងអ៊ុយក្រាយីនកា (Ukrayinka) នៃតំបន់កៀវ។

កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់កម្ទេចមីស៉ីលបាន២១គ្រាប់ និងដ្រូន២គ្រឿង។ ជាមួយគ្នា​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានឱ្យដឹងថា ការផ្ទុះត្រូវបានរាយការណ៍ ក្រោយវេលាយប់រំលងអធ្រាត្រនៅទីក្រុងឌីនីប្រូ, ក្រេមេនឈូក (Kremenchuk) និងប៉ូលតាវ៉ា (Poltava) ដែលស្ថិតក្នុងភាគកណ្តាលអ៊ុយក្រែន ព្រមទាំងនៅទីក្រុងមីកូលេវ (Mykolaiv) ភាគខាងត្បូង។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ី គឺស្របពេលដែលអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនដើម្បីបើកប្រតិបត្តិការវាយបក ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួន ដែលត្រូវបានរុស្ស៉ីកាន់កាប់ មកវិញបន្ថែមទៀត ក្រោយទទួលបរិក្ខារយោធាថ្មីៗ រួមមានទាំងរថក្រោះប្រយុទ្ធទំនើបៗ ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ម៉្យាងវិញទៀត វាក៏បានកើតឡើងនៅមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំង ទើបតែបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាង ដែលអាចជួយនាំយកទីបញ្ចប់នៃជម្លោះមកកាន់តែកៀក​ផងដែរ ដោយសំដៅលើជំនួបតាមទូរស័ព្ទជាលើកដំបូងបំផុត រវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ៕