(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានប្រាប់ក្រុមសមាជិកសភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វាមានភាពចាំបាច់ក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយពិភពលោកមិនត្រូវ «ខ្មាស់អៀន» ក្នុងការលើកកម្ពស់សេរីភាពសម្រាប់កូរ៉េខាងជើងនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

លោក យូន បានប្រាប់សភាអាមេរិកថា សម្ព័ន្ធមិត្តគឺត្រូវតែមានការរួបរួមគ្នាដើម្បីរារាំង «អាកប្បកិរិយាមិនប្រុងប្រយ័ត្ន» របស់កូរ៉េខាងជើង។ លោក យូន បានគូសបញ្ជាក់ថា «ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកូរ៉េ-អាមេរិក យើងត្រូវបង្កើនល្បឿនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី កូរ៉េ-អាមេរិក-ជប៉ុន ដើម្បីទប់ទល់នឹងការកើនឡើងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។

នៅថ្ងៃទី៤ នៃដំណើរទស្សកិច្ចផ្លូវការដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង លោក យូន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តនៅចំពោះមុខក្រុមសមាជិកសភាអាមេរិកថា កូរ៉េខាងត្បូងនឹងធ្វើការយ៉ាងសកម្មដើម្បីការពារសេរីភាពរបស់ប្រជាជនអ៊ុយក្រែន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ពួកគេ ផងដែរ។

គួរបញ្ជាក់ថា ក្នុងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងលោក យូន នៅឯសេតវិមាន សហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់ឲ្យកូរ៉េខាងត្បូង នូវការយល់ដឹងបន្ថែមទៀតអំពីផែនការនុយក្លេអ៊ែររបស់ខ្លួន ករណីមានជម្លោះណាមួយជាមួយកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការអភិវឌ្ឍមីស៊ីល និងនុយក្លែអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕