(ហ៊្សេរុយសាឡិម)៖ ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្ម ក្នុងទីក្រុងហ៊្សេរុយសាឡិមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រចំពោះច្បាប់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលគ្រោងទុកដោយរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

អ៉ីស្រាអែល នៅតែមានជំហរផ្សេងគ្នាជុំវិញច្បាប់ដែលបានគ្រោងទុកនេះ ដោយខាងអ្នកគាំទ្រនិយាយថាវានឹងស្ដារតុល្យភាពដល់អាជ្ញាធរអ៉ីស្រាអែល ខណៈខាងអ្នករិះគន់និយាយថាវានឹងប៉ះពាល់ដល់សិទ្ធិអំណាចរបស់តុលាការ។ ទង់ជាតិពណ៌ខៀវ និងស ដែលត្រូវបានគេប្រើជានិមិត្តសញ្ញានៃការតវ៉ាប្រឆាំងនោះ ត្រូវបានគេមើលឃើញនៅខាងក្រៅសភារបស់អ៉ីស្រាអែល។

បើទោះបីជាបែបនេះក្តី ការធ្វើបាតុកម្មប្រឆាំងនឹងផែនការកែទម្រង់ប្រព័ន្ធតុលាការ បានគ្របដណ្តប់លើប្រទេសអ៉ីស្រាអែលអស់ជាច្រើនសប្តាហ៍ទៅហើយ។ បើតាមការស្ទង់មតិនាពេលថ្មីៗនេះ បាតុកម្មដើម្បីគាំទ្រផែនការនេះ ទំនងជាមិនទទួលបានលទ្ធផលដុំកំភួននោះទេ។

គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការធ្វើបាតុកម្មដើម្បីសម្តែងគោលជំហររៀងៗខ្លួននោះ មនុស្សជាច្រើនផ្សេងទៀតនៅក្នុងសង្គមអ៉ីស្រាអែល រួមទាំងលោកប្រធានាធិបតី បាននឹងកំពុងអំពាវនាវឲ្យគ្រប់ភាគីឈានដល់ការសម្របសម្រួលមួយ ហើយស្នើឲ្យក្រុមចម្រុះបន្ធូរបន្ថយសំណើលើកដំបូងរបស់ខ្លួន៕