(កៀវ)៖ លោក ហ្វូមីណូរិ ត្សុឈីកូ (Fuminori Tsuchiko) ជាជនជាតិជប៉ុនដែលបានទៅដល់ទីក្រុងខាកៀវ (Kharkiv) នៅឯភាគខាងកើតអ៊ុយក្រែនក្នុងនាមជាអ្នកទេសចរណ៍ កាលពីឆ្នាំ២០២២ បានបើកហាងកាហ្វេឥតគិតថ្លៃមួយនៅទីនោះ ដោយនិយាយថាលោកចង់ធ្វើអ្វីទាំងអស់ដែលអាចធ្វើបាន ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែនបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

ព្រោះតែការបាញ់ផ្លោងរបស់រុស្ស៉ី បុរសអាយុ ៧៥ឆ្នាំមកពីទីក្រុងតូក្យូរូបនេះ ត្រូវបង្ខំចិត្តរត់ទៅជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ហើយសម្រេចចិត្តស្នាក់នៅទីនោះ និងស្ម័គ្រចិត្តធ្វើជាអ្នកចែកចាយអាហារ។ ក្រោយមក លោក ត្សុឈីកូ និងជនជាតិអ៊ុយក្រែនម្នាក់ទៀត បានបើកហាងកាហ្វេឥតគិតថ្លៃមួយឈ្មោះ ហ្វូមិ កាហ្វេ (FuMi Caffe) នៅក្នុងសង្កាត់សាលទីវកា (Saltivka) នៃទីក្រុងខាកៀវ ដែលទទួលបានការឧបត្ថម្ភជាចម្បង ពីការបរិច្ចាគរបស់ប្រជាជនជប៉ុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក ត្សុឈីកូ បានគូសបញ្ជាក់ឲ្យដឹងថា «រយៈពេល ៧ខែ ខ្ញុំបានស្នាក់នៅក្នុងរថភ្លើងក្រោមដី ទាំងការសម្រាក ឬញ៉ាំអាហារ រួមគ្នាជាមួយប្រជាជនអ៊ុយក្រែនជាច្រើននាក់ទៀត។ ហ្វូមិ កាហ្វេ (FuMi Caffe) បម្រើសេវាកម្មសម្រាប់មនុស្សប្រហែល ៥០០នាក់ក្នុងមួយថ្ងៃ»

គួរបញ្ជាក់ថា លោក ត្សុឈីកូ បានទៅលេងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅពេលនោះស្ថានទូតជប៉ុនបានណែនាំឲ្យលោកចាកចេញ ខណៈដែលទទួលបានព័តមានពីការត្រៀមលក្ខណៈឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែលោកបានទៅរដ្ឋធានីវ៉ាសូវី របស់ប្រទេសប៉ូឡូញ ដោយគិតថានឹងអាចត្រឡប់មកវិញនៅរយៈពេលពីរខែក្រោយ។

ទីក្រុងខាកៀវ ជាកន្លែងការបាញ់ផ្លោងរវាងកងកម្លាំងរុស្ស៉ី និងកងកម្លាំងអ៊ុយក្រែន បន្ទាប់មកអ៊ុយក្រែនបានរុញរុស្ស៉ីត្រឡប់ទៅព្រំដែនវិញ។ ទោះបីជាមានការដកថយក៏ដោយ ក៏ការវាយប្រហាររបស់រុស្ស៉ីមកលើទីក្រុងនៅតែបន្ត៕