(កៀវ)៖ ស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺសំឡេងឡើង ទូទាំងប្រទេសអ៊ុយក្រែន ខណៈមានសេចក្ដីរាយការណ៍ពីការផ្ទុះយ៉ាងកក្រើក នៅតាមទីក្រុងជាច្រើន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការចេញផ្សាយដោយសារព័ត៌មានអ៊ុយក្រែន Interfax បានឱ្យដឹងទៀតថាស្នូរសំឡេងផ្ទុះ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង ឌីនីប្រូ (Dnipro) ក្រេមិនឈុក (Kremenchuk) និងទីក្រុងប៉ុលតាវ៉ា (Poltava) ស្ថិតនៅភាគកណ្ដាលប្រទេសអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃសុក្រនេះ។ បន្ថែមពីលើនេះ ហេតុការណ៍ផ្ទុះក៏បានកើតឡើងនៅក្នុងទីក្រុងមីកូឡេវ (Mykolaiv) ស្ថិតនៅតំបន់ភាគខាងត្បូង ព្រមទាំងទីក្រុងកៀវផងដែរ។

ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីការបំផ្លិចបំផ្លាញ ឬអ្នកស្លាប់ និងរងរបួសនៅឡើយទេ។ ហេតុការណ៍ផ្ទុះទាំងនេះដែលគេជឿជាក់ថាជាការវាយប្រហាររបស់រុស្ស៉ី កើតមាន ឡើង នៅចំពេលអ៊ុយក្រែនកំពុងត្រៀមបើកប្រតិបត្តិការវាយលុកដណ្ដើមយកទឹកដីក្នុងតំបន់ភាគខាងកើត និងខាងត្បូងដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយទាហាន រុស្ស៉ីត្រឡប់មកវិញ៕